(Khmer) លោក ឃួន ឡាបូរ៉ាវី ដែលជាអតីតកីឡាកររបស់ក្លិបបឹងកេត បានសរសើរពីការរួមចំណែករបស់ កីឡាករ ម៉ាត់ ណូរុន និង សៀង ចន្ធា ក្នុងការប្រកួតទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃសៅរ៍កន្លងទៅ។
បឹងកេត យកបាន៣ពិន្ទុពី ណាហ្គាវើលដ៍ ក្នុងការប្រកួតបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា តាមរយៈការរកគ្រាប់បាល់វាយបកដោយ ណូរុន ២គ្រាប់ម្នាក់ឯង និង មួយគ្រាប់ចុងម៉ោងរបស់ ចន្ធា។
ថ្លែងប្រាប់ The Morning លោក ឃួន ឡាបូរ៉ាវី បាននិយាយថា៖«ក្នុងការប្រកួតនោះកីឡាករ បឹងកេត គ្រប់រូបធ្វើបានល្អហើយខ្សែប្រយុទ្ធ កម្ពុជា ពីរ រូប គឺ ចន្ធា និង ណូរុន ធ្វើបានល្អណាស់។ ចន្ធាបានប្រើប្រាស់ល្បឿនរបស់គេ បង្កើតឱកាសជាច្រើន ហើយ ណូរុន លេងជាខ្សែប្រយុទ្ធក្នុងប្រអប់។ ណូរុន យល់ដឹងពីទីតាំងបានល្អ ជាមួយនឹងគុណភាពបញ្ចប់ទីដ៏ល្អរបស់គេ»៕