(Khmer) សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជួយព្យាបាលរបួសជង្គង់របស់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងក្លិបបឹងកេតចាន់ វឌ្ឍនាកា នេះបើតាមការបញ្ជាក់ពីលោក ចាន់ ចេស្ដា ឪពុករបស់ខ្សែប្រយុទ្ធរូបនេះក្នុងគណនីហ្វេសបុកផ្លូវការរបស់គាត់។
រដ្ឋលេខាធិកាក្រសួងកសិកម្មរូបនេះបានសរសេរថា៖ «ក្នុងនាមខ្ញុំបាទជាឪពុកម្ដាយនិងក្រុមគ្រួសាររបស់កីឡាករចាន់ វឌ្ឍនាកាសូមលំអោនកាយគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការ:ដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានជួយឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន 50.000$ ប្រាំមុឺនដុល្លាសហរដ្ឋអាមេរិកដេីម្បីព្យាបាលរបួសរបស់កូនខ្ញុំបាទ»។
«ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រីនិងចៅៗជាទីស្រឡាញ់សូមមេត្តាបន្តមានសុខភាពល្អប្រសើរ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាអោយសម្បូរណ៍រុងរឿងថែមទៀត ។ ជាមួយគ្នានេះដែរខ្ញុំបាទនិងក្រុមគ្រួសារក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកស្រី ពុធ ធីតាប្រធានក្លឹបនិងស្វាមី លោកបែរ មករាអ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់បឹងកេតដែលបានខ្នះខ្នែងជ្រោមជ្រែងលះបង់កម្លាំងកាយនិងថវិកាតាំងពីពេលរបួសរហូតដល់ពេលនេះបាននិងកំពុងរៀបចំបែបបទដេីម្បីចេញទៅវះកាត់នៅប្រទេសថៃ ។ សូមអរគុណដល់បងប្អូន កូនក្មួយនិងចៅៗនិងហ្វេនទាំងអស់ដែលបានបារម្ភនិងជូនពរ អោយកូនប្រុសរបស់ខ្ញុំឆាប់ជាសះស្បើយដូចដេីមឡេីងវិញ។ ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត ❤️❤️❤️??????»។
ចាន់ វឌ្ឍនាកា ត្រូវធ្វើការវះកាត់ជង្គង់ក្រោយរងរបួសក្នុងការប្រកួតកាលពី២ថ្ងៃមុន។ បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផល ស្ថានភាពរបួសបានឲ្យឃើញថា វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។ ចាន់ វឌ្ឍនាកា សម្រាកព្យាបាលរបួសយ៉ាងហោចណាស់ ចន្លោះពី៦ ទៅ៨ខែ ទើបអាចត្រឡប់មកធ្វើការហ្វឹកហាត់នៅលើទីលានវិញបាន។