(Khmer) លោក សំបូរ សុភ័ណ្ឌ អតីតកីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជា នឹងធើ្វការប្ដឹងដល់កីឡាករកាយវប្បកម្មចំនួន២រូប ដែលបានចោទប្រកាន់មកលើលោកថាជាអ្នកដាក់សារធាតុហាមឃាត់ ប្រសិនបើពួកគេមិនចេញមុខសុំទោសលោកជាសាធារណៈ។
រឿងនេះកើតឡើង បន្ទាប់មានព័ត៏មានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចដកកីឡាកាយវប្បកម្ម ចេញពីការប្រកួតហើយ ក្រោយសហព័ន្ធរកឃើញកីឡាករ ២រូប ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់(ដូភីង) ប្រភេទ Steroids កំឡុងការប្រកួតកីឡាជាតិ លើកទី៣ កាលពីថ្មីៗ ។ នេះបើតាមការបញ្ជាក់របស់លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។
កីឡាករ ២រូប ដែលរកឃើញសារធាតុហាមឃាត់ ក្រោយកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា រួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បន្ទាប់ពីពួកគេបានចូលសារភាពចំពោះមុខសហព័ន្ធ ចំពោះកំហុសឆ្គង ដែលពួកគេបានប្រព្រឹត្តដោយអចេតនា ដោយសារការជឿទុកអ្នកស្គាល់គ្នា ដោយខ្វះការពិចារណា ។ លោកសោកស្ដាយជាខ្លាំង ដែលកើតមានរឿងនេះ ហើយអ្វីដែលលោកឈឺចិត្តនោះ គឺការខំប្រឹងរបស់សហព័ន្ធ និងកីឡាករផ្សេង ត្រូវបានខកបំណងបង្ហាញខ្លួនក្នុងស៊ីហ្គេម ។
លោក សំបូរ សុភ័ណ្ឌ បានសរសេរថា៖« នេះជាការចោទប្រកាន់មកលើករូបខ្ញុំ និងក្លិបហាត់ប្រាណ king gym ខ្ញុំសូមបកស្រាយលើបញ្ហាខាងក្រោមនេះ៖
1-គាត់បានចោទប្រកាន់ថាខ្ញុំជាអ្នកហៅពួកគាត់មកកន្លែងរបស់ខ្ញុំ ដើម្បីប្រើប្រាស់សារធាតុហាមឃា់ត ទាំងដែរខ្ញុំមិនបានហៅទាល់តែសោះ គឺគាត់បានមកសុំខ្ញុំអោយជួយគាត់កែសាច់ និងស្នាក់នៅដោយខ្លួនឯង ក្នុងនាមខ្ញុំជាកីឡាករមួយរូបដែរដើរលើវិស័យនេះមុនពួកគាត់ ខ្ញុំក៏បានជួយកែលើការ ហាត់ ការប្រឹងបង្ហាញសាច់ដុំ និងរបបអាហារជាដើម។
2-គាត់បានចោទប្រកាន់ថា ខ្ញុំបានចាក់ថ្នាំបញ្ចុះទឹកនោមឱ្យពួកគ្នីគ្នាគាត់ម្តងម្នាក់ៗទាំងដែរខ្ញុំមិនបានធ្វើវាឡើយគឺជាគ្នីគ្នាគាត់ធ្វើដោយខ្លួនឯង ក្នុងចំណោមគ្នាគាត់គឺមានម្នាក់ដែលរៀនពេទ្យ ការប្រព្រឹត្តទៅគឺពួកគាត់ធ្វើដោយខ្លួនឯង ដោយមិនមានការបង្ខិតបង្ខំពីរូបខ្ញុំបាទដូចដែរពួកគាត់លើកឡើងនោះទេ
3-បុគ្គល ផាន់ ណារឹទ្ធ ហៅ (បងធំ) គាត់បានចោទប្រកាន់ថាខ្ញុំបានឃុបឃិតគ្នាជាមួយ ដូពីង អ្នកត្រួតពិនិត្យសារធាតុហាមឃាត់(Steroids)ដោយគ្មានមូលដ្ផាន និងភស្តុតាងច្បាស់លាស់ សួរថាតើខ្ញុំធ្វើបែបនេះដើម្បីអ្វី?
ចុងក្រោយខ្ញុំសូមទាមទាអោយពួកគាត់សុំទោសជាសាធារណៈដល់រូបខ្ញុំបាទ បើពុំដូចច្នោះទេខ្ញុំនិងដោះស្រាយតាមផ្លូវច្បាប់ ព្រោះរឿងនេះប៉ះពាល់ដល់កិត្តិយសខ្ញុំយ៉ាងធ្ងន់ធ្ងរ »។