(Khmer) កីឡាករជម្រើសជាតិសេណេហ្គាល់ និងតារាឆ្នើមរបស់ក្លិប Bayern Munich បានឈ្នះពានរង្វាន់ Socrates ដំបូងគេ ក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or ដែលធ្វើឡើងកាលពីយប់ថ្ងៃចន្ទ នៅសាលមហោស្រព du Chatelet ទីក្រុងប៉ារីស។ រង្វាន់នេះត្រូវបានដាក់ឈ្មោះតាមរូបតំណាងកីឡាករបាល់ទាត់ប្រេស៊ីល សូក្រាត ដែលជាសហស្ថាបនិកចលនាប្រជាធិបតេយ្យ Corinthians ប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលធ្លាប់កាន់អំណាចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅប្រទេសប្រេស៊ីល។
អ្វីដែលធ្វើឲ្យ Mane ឈ្នះពានរង្វាន់នេះ?
ទោះបីជាមានកាលវិភាគដ៏មមាញឹករបស់គាត់នៅលើទីលានប្រកួតក៏ដោយ កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិក ដែលកំពុងល្បីល្បាញជាមួយការផ្សារភ្ជាប់នឹងជិវិតរបស់នៅ ជាពិសេសនៅប្រទេសសេណេហ្គាល់។ Mane បានសាងសង់មន្ទីរពេទ្យសាធារណៈ ផ្តល់មូលនិធិដល់សាលារៀន និងគ្រួសារនៅក្នុងភូមិ Bambali ដែលជាស្រុកកំណើតរបស់គាត់កាលពីឆ្នាំមុន ហើយក៏បានបរិច្ចាគទៅគណៈកម្មាធិការជាតិសេណេហ្គាល់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរាតត្បាតកូវីដ១៩។
«ខ្ញុំពិតជារីករាយណាស់ ដែលបានមកជាភ្ញៀវនៅយប់នេះ ពេលខ្លះខ្ញុំអៀនបន្តិច ប៉ុន្តែខ្ញុំពិតជារីករាយក្នុងការធ្វើអ្វី ដែលខ្ញុំអាចធ្វើបានសម្រាប់ប្រជាជនរបស់ខ្ញុំ ដើម្បីធ្វើឱ្យអ្វីៗកាន់តែប្រសើរ» នេះជាសម្តីរបស់កីឡាករ Mane បន្ទាប់ពីទទួលពានរង្វាន់។