(Khmer) Sadio Mane ដែលជាកីឡាករបាល់ទាត់អាហ្វ្រិកមានអ្នកគាំទ្រ(Follow)ច្រើនបំផុតក្នុងពិភពលោកបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរតែមិនជឿនឹងភ្នែក បន្ទាប់ពីលោកបានសម្រេចចិត្តលាភាពកម្លោះក្នុងវ័យ៣១ឆ្នាំដឹកដៃនារីម្នាក់ដែលលោកចិញ្ចឹមចិត្តស្រឡាញ់តាំងពីយូរមកហើយ ដើរលើកម្រាលព្រំក្រហមចូលរោងការកាលពីថ្ងៃអាទិត្យទី៧មករា២០២៤។
ពិធីរៀបអាពាហ៍ពិពាហ៍របស់លោកបានធ្វើឡើងនៅទីក្រុង Keur Massar ទីក្រុង Dakar ប្រទេសសេណេហ្គាល់។ ទោះបីជាគាត់រក្សាការសម្ងាត់ពីទំនាក់ទំនងរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏ព័ត៌មាននៃពិធីមង្គលការរបស់ Mane បានឆក់យកបេះដូងអ្នកលេងបណ្តាញសង្គមរាប់លាននាក់។
Mane បានរៀបការជាមួយសង្សារយូរឆ្នាំរបស់គាត់គឺនាងAisha Tamba។នាងមានដើមកំណើតមកពី Casamança ដូចជាប្តីរបស់នាងដែរ ។ យោងតាមប្រភព Pulse Sports បានឲ្យដឹងថាប្រពន្ធរបស់គាត់ អ្នកនាងAisha លួចស្រឡាញ់គាត់ជាយូរបកហើយពោលគឺចាប់តាំងពីថ្ងៃដែលមានវ័យជំទង់ម្លេះ។ Pulse Sports បន្តថាកូនក្រមុំដ៏ស្រស់ស្អាតគឺជាកូនស្រីរបស់ស្ថាបត្យករ។
ខ្សែបម្រើស្លាបដែលកំពុងលេងឲ្យក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានបង្ហាញចេតនារបស់គាត់យ៉ាងច្បាស់តាំងពីដំបូង ដោយមើលថែនាង និងបង់ថ្លៃសាលាអោយនាងរៀនទៀតផង។
កីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកពីរសម័យរូបនេះ បានគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់គាត់ឱ្យនៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ ហើយពិធីដែលមិននឹកស្មានដល់នេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសាធារណជន។Aisha ក៏ដូចជាMane ដែរគឺមិនចូលចិត្តនៅលើបណ្ដាញសង្គមទេ៕