(Khmer) ឥឡូវនេះ Rasmus Hojlund ជាកីឡាករវ័យក្មេងបំផុតរបស់ Manchester United ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League បួនប្រកួតជាប់ៗគ្នា នេះបើយោងតាម Opta Jose ។
នៅថ្ងៃខួបកំណើតវ័យ 21 ឆ្នាំរបស់ខ្លួន Hojlund បានស៊ុតបញ្ចូលទីគ្រាប់ទី១ក្នុងចំណោម៣គ្រាប់ក្នុងការប្រកួតមួយដែលបិសាចក្រហម Man Utd យកជ័យជម្នះ 3-0 លើក្រុម West Ham United នៅកីឡដ្ឋាន Old Trafford ។
នេះមានន័យថា Rasmus Højlund បានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកគ្រាប់បាល់បានក្នុងការបង្ហាញខ្លួននៅ Premier League 4 ដងជាប់ៗគ្នាសម្រាប់ Manchester United ។ សូម្បីតែ Cristiano Ronaldo ដែលជាកីឡាករជើងខ្លាំងបំផុតរបស់ក្លិបកាលពីមុន ក៏បរាជ័យក្នុងការសម្រេចបានបែបនេះដែរ មុនពេលឈានដល់អាយុ 21 ឆ្នាំ។
Hojlund រកបាន 5 គ្រាប់រួចហើយនៅ Champions League សម្រាប់ Man United នៅរដូវកាលនេះ ប៉ុន្តែវាជាការអាម៉ាស់មួយដែល Man Utd មិនបានឡើងទៅវគ្គបន្ត។
គាត់បានចំណាយពេលយូរបន្តិចដែរ ក្នុងការស៊ុតបញ្ចូលទីនៅ Premier League ប៉ុន្តែឥឡូវនេះ Hojlund អាចរកឃើញទម្រង់លេងរបស់ខ្លួនឡើងវិញ ហើយគ្មាននរណាអាចបញ្ឈប់បាននោះទេ។ ក្រៅពីស៊ុតបញ្ចូលទី ខ្សែប្រយុទ្ធរូបនេះក៏បានបញ្ជូនបាល់ (Assist) បាន២ដងផងដែរ ៕