(Khmer) ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Raheem Sterling ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើលក្ខខណ្ឌក្នុងការផ្លាស់មកកាន់ Chelsea ហើយ។
Sterling បានចូលរួមជាមួយ Man City តាំងពីឆ្នាំ២០១៥ មកម្លេះដោយរូបគេធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា Premier League ៤ដង, EFL Cup ៤ដង, FA Community Shield និង FA Cup។ យ៉ាងណាក៏ដោយ កាលពីរដូវកាលមុននេះ រូបគេពុំសូវបានបង្ហាញខ្លួនជាជម្រើសដំបូងបានជាប់លាប់ឡើយ ថែមទាំងក្រុមមេឃខៀទើបតែទិញកីឡាករ Erling Haaland និង Julian Alvarez មករួមក្រុម ទំនងជានឹងធ្វើឲ្យឪកាសបង្ហាញខ្លួនរបស់គេកាន់តែស្តួចស្តើង។
បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Sterling បានយល់ព្រមលើលក្ខខណ្ឌគ្រប់បែបយ៉ាងក្នុងការផ្លាស់មកកកាន់ Chelsea ខណៈ កិច្ចចរចាររវាងភាគីក្លិបនឹងក្លិប គឺ កៀកនឹងជោគជ័យ១០០ភាគរយហើយ ដោយ ក្រុមតោខៀវនឹងត្រូវចំណាយប្រាក់ប្រមាណ៤៥លានផោន (ឬប្រមាណ ៥៣.៦លានដុល្លារ) សម្រាប់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ៕