(Khmer) បំណងប្រាថ្នារបស់សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ក្នុងការចាកចេញពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ហាក់ដូចជាមិនទាន់រលត់នៅឡើយទេ ខណៈពេលនេះស្ថាប័នមេមួយនេះនឹងជួបជាមួយគណៈកម្មាធិការប្រតិបត្តិ (Exco) ដើម្បីធ្វើការសម្រេចចុងក្រោយ។
ព័ត៏មានចុងក្រោយដែលផ្សាយនេះត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការ PSSI លោក Yunus Nusi នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីម្សិលមិញ។ ពួកគេនឹងពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការចាកចេញពី AFF ហើយនឹងប្រកាសលទ្ធផលផ្លូវការ។
«យើងនឹងពិភាក្សាជាមួយសមាជិក PSSI Exco ដើម្បីពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិដែលយើងចាកចេញពី AFF ឬក៏អត់ បន្ទាប់មកយើងនឹងសម្រេច»។
សម្ដីរបស់លោកត្រូវបានគេដកស្រង់ក្នុងគេហទំព័រផ្លូវការរបស់ PSSI ថា៖ «ទុកពេលឲ្យយើងជាមុនសិន បន្ទាប់ពីអ្វីៗត្រូវបានបញ្ចប់ យើងនឹងជម្រាបជូនសាធារណជន»។
បញ្ហា PSSI ចាកចេញពី AFF បានកើតឡើងបន្ទាប់ពីពួកគេសង្ស័យថាក្រុមវៀតណាម និងថៃ ព្យាយាមឃុបឃិតគ្នា ដើម្បីកម្ចាត់ឥណ្ឌូនេស៊ីក្នុង AFF U-19 Cup កាលពីខែមុន។ បន្ទាប់មក PSSI បានផ្ញើការតវ៉ាជាផ្លូវការ ប៉ុន្តែ AFF បានបញ្ជាក់ថា មិនមានធាតុផ្សំនៃការក្លែងបន្លំនៅក្នុងការប្រកួតនោះទេ។
កន្លងមក អ្នកនិយមលេងអ៊ីនធឺណិតឥណ្ឌូនេស៊ីក៏បានទទូចឱ្យក្រុមជម្រើសជាតិរបស់ពួកគេចាកចេញពី AFF ខណៈដែលបង្ខំឱ្យ PSSI ពិចារណាលើសំណើសុំចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីបូព៌ា (EAFF)។ EAFF ត្រូវបានគេចាត់ទុកថាមានការប្រកួតប្រជែងជាង ព្រោះវាក៏រួមបញ្ចូលឈ្មោះជម្រើសជាតិធំៗចំនួនពីរក្នុងកីឡាបាល់ទាត់អាស៊ីគឺជប៉ុន និងកូរ៉េខាងត្បូងបន្ថែមលើប្រទេសផ្សេងទៀតដូចជាហុងកុង ម៉ុងហ្គោលី កូរ៉េខាងជើង តៃវ៉ាន់ កោះ Guam ម៉ាកាវ និងប្រជុំកោះ Northern Mariana។
ដើម្បីជំនួសប្រទេសឥណ្ឌូនេស៊ី សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយ AFF ខណៈដែលចាកចេញពីសហព័ន្ធបាល់ទាត់អាស៊ីខាងត្បូង (SAFF)។ យោងតាម AIFF បំណងរបស់ពួកគេក្នុងការចូលរួម AFF ត្រូវបានគេទាក់ទងគ្នាអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែស្ថានភាពជំងឺរាតត្បាតដែលបានវាយប្រហារពិភពលោកនៅពេលនោះបានរារាំងពួកគេមិនឱ្យចាកចេញពី SAFF ៕