(Khmer) សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសថាកីឡាករ ភួង សុខសាណាបានសម្រេចចិត្តចូលនិវត្តន៍ ពីអាជីពជាកីឡាករបាល់ទាត់នាពេលនេះហើយ។
អាចនិយាយបានថា សាណា បានរួមរស់ និងជួយក្លិបទ័ពមួយនេះអស់រយៈពេល ប្រមាណជាង១៣ ឆ្នាំមកហើយមិនដែលចាកចេញនោះទេ ព្រមទាំងបង្កើតបានស្នាដៃជាច្រើននៅក្លិបមួយនេះ ជាពិសេសចូលរួមក្នុងការលើកពានរង្វាន់ Hun Sen Cup ចំនួន២លើក និងពានរង្វាន់មួយចំនួនទៀត។
បើទោះបីជាសម្រាកពីវិស័យកីឡាបាល់ទាត់ តែ សាណា បានបញ្ជាក់គោលជំហរ ថា នូវតែគាំទ្រគ្រប់សកម្មភាពរបស់ក្លិប Tiffy Army FC ព្រោះថា រូបខ្លួនត្រូវបានគេស្គាល់មកដល់សព្វថ្ងៃគឺដោយសារ ក្លិបទ័ពមួយនេះ ។ សាណា ក៍បានផ្ដាំផ្ញើដល់ប្អូនៗ ជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ស្តាប់គ្រូបង្វឹក និងប្រឹងប្រែងហ្វឹកហាត់ជាប្រចាំដើម្បី ស្វែងរកឳកាសជាប់ជម្រើសជាតិ និងជោគជ័យលើវិស័យកីឡាបាល់ទាត់មួយនេះ ។
ភួង សុខសាណា បានប្រកបអាជីពជាមួយ សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទតាំងពីឆ្នាំ២០០៨ បង្ហាញខ្លួនបាន៨៨ប្រកួតរកបាន៣៣គ្រាប់ ដោយឆ្លងកាត់តំណេងពីប្រយុទ្ធមកខ្សែបម្រើ។ អាជីពរបស់គាត់លិចអណ្ដែតៗដោយសាររបួសញ៉ាំញីហើយក្នុងជម្រើសជាតិឈុតធំគាត់លេងបាន១១ប្រកួតនិងស៊ុតបញ្ចូលទីបានមួយគ្រាប់។