(Khmer) សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីនបានចេញសេចក្ដីថ្លែងអំណរគុណពីការចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិអង់គ្លេសលោក Scott Cooper ចំពោះការរួមចំណែកដឹកនាំក្រុមជម្រើសជាតិហ្វីលីពីនប្រមាណជាង៣ឆ្នាំមក តាំងពីចូលកាន់ដំណែងផ្លូវការនៅឆ្នាំ២០១៩ មុនឈានដល់ការចាកចេញ នៅពាក់កណ្ដាលឆ្នាំ២០២២នេះ។
បន្ទាប់ពីឈានដល់កិច្ចសន្យាការចែកផ្លូវជាមួយជម្រើសជាតិហ្វីលីពីន លោក Cooper ក៏បាននិយាយថ្លែងអំណរគុណផងដែរថា៖ «ខ្ញុំចង់ឆ្លៀតឱកាសដើម្បីជូនពរ Azkals ឱ្យទទួលបានលទ្ធផលល្អបំផុតសម្រាប់នាពេលអនាគត។ វាពិតជារីករាយណាស់ ដែលបានធ្វើការជាមួយបុគ្គលិក និងកីឡាករទាំងអស់ »។
PFF គ្រោងនឹងធ្វើការប្រកាសអំពីគ្រូបង្វឹកថ្មីរបស់ពួកគេ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលក្រុម ជម្រើសជាតិហ្វីលីពីន ត្រូវមានភារកិច្ចត្រៀមសម្រាប់ការប្រកួតជម្រុះ AFC Asian Cup Qualifiers ក្នុងពូល B ជាមួយប៉ាលេស្ទីន យ៉េមេន និងម្ចាស់ផ្ទះម៉ុងហ្គោលី ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕