(Khmer) ពេលដែលគេនឹកឃើញកីឡាករលេខធ្លោក្នុងពានរង្វាន់សម្ដេចហ៊ុនសែនថ្នាក់ខេត្តឆ្នាំ២០២១ គេនឹងនឹកឃើញខ្សែប្រយុទ្ធក្លិបខេត្តបន្ទាយមានជ័យ ផាន សុផេន ពីព្រោះកាលនោះរូបគេជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ ហើយលេចធ្លោខ្លាំងរហូតបានទទួលកុងត្រាពីក្លិបអាជីពព្រៃវែងអេហ្វស៊ីកាលពីពាក់កណ្ដាលរដូវកាល២០២១នៃពានរង្វាន់ Metfone Cambodian League ។
គិតមកដល់ពេលនេះ! រយៈពេលកន្លះឆ្នាំបានទៅហើយរូបគេទើបតែបង្ហាញភាពលេចធ្លោសារជាថ្មីម្ដងទៀត បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ដំបូងឱ្យព្រៃវែងអេហ្វស៊ីដោយរកបាន៣គ្រាប់ក្នុងជ័យជម្នះ៨ទល់១លើក្រុមក្រសួងអបរំយុវជនខេត្តត្បូងឃ្មុំ។ ផ្ដល់បទសម្ភាសន៍ដល់គេហទំព័រ B8 Sport កីឡាករមានប្រភពមកពីខេត្តបន្ទាយមានជ័យបាននិយាយបែបនេះ៖
«ការប្រកួតជាមួយត្បូងឃ្មុំ ខ្ញុំបានចូលលេងក្នុងជម្រើស១១នាក់ ហើយស៊ុតបញ្ចូលទី៣គ្រាប់ក្នុងចំណោមលទ្ធផលដ៏ធំធេងនេះ(៨-១)។ខ្ញុំពិតជាសប្បាយរីករាយ ហើយមានមោទនកភាពមែនទែន ព្រោះវាជាគ្រាប់បាល់លើកដំបូងបំផុតរបស់ខ្ញុំក្នុងអាជីពជាកីឡាករនៅក្លិបខេត្តព្រៃវែង។ ចូលលេងលើកដំបូងគឺរកបាន៣គ្រាប់តែម្ដង វាមិននឹកស្មានដល់ទេបង»។
និយាយអំពីអាជីពនៅក្រុមខេត្តព្រៃវែងតាំងពីរដូវកាលមុន រដូវឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំតែបានចូលលេងវិញនៅរដូវកាលនេះ។ សុផេន បន្តថា៖«ឆ្នាំមុនខ្ញុំមកចូលរួមជាមួយព្រៃវែងនៅពាក់កណ្ដាលរដូវកាល។ ខ្ញុំបានចូលលេងបួនប្រកួតក្នុងជម្រើសដំបូង១១នាក់តែពេលនោះ ការបង្ហាញរបស់ខ្ញុំមិនសូវលេចធ្លោនោះទេ ហើយក្រោយមក ខ្ញុំមានរបួសពេលហ្វឹកហាត់ផង ធ្វើឱ្យចូលលេងទីលានកាន់តែខើច”។
« ២ប្រកួតដំបូងក្នុងលីគទី២នៅឆ្នាំថ្មីនេះគឺខ្ញុំមិនបានលេងទេដោយសាររបួស ប៉ុន្តែពេលនេះខ្ញុំអាចលេងបានវិញ ហើយខ្ញុំមានទំនុកចិត្តខ្ពស់អាចជួយព្រៃវែងឱ្យមានលទ្ធផលល្អតាមការចង់បានរបស់ថ្នាក់ដឹកនាំ”។
លើសពីនេះ! អតីតខ្សែប្រយុទ្ធរបស់ក្លិបពាក់កណ្ដាលអាជីពដូចជា អធិរាជភ្នំស្វាយ ប៊ុនកយអេហ្វស៊ីរូបនេះបង្ហាញគោលបំណងធំបំផុតមួយចង់មានឈ្មោះក្នុងជម្រើសជាតិលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមក្នុងឆ្នាំនេះ។
«ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម គោលបំណងខ្ញុំចង់ជាប់ជម្រើសជាតិ ចង់ជួយជម្រើសជាតិ ហើយនៅស៊ីហ្គេមឆ្នាំនេះខ្ញុំមានបំណងចង់លេងឱ្យជម្រើសជាតិដែរ ពីព្រោះវាជាគោលបំណងធំបំផុតក្នុងអាជីព។ ពិតណាស់! វាពិតជាការពិបាកក្នុងប្រជែងកន្លែងនៅទីនោះ តែខ្ញុំនឹងខំប្រឹងប្រែងឱ្យខ្លាំង ទោះបីជាមិនជាប់ក៏ដោយ។ កីឡាករជម្រើសជាតិគឺក្ដីស្រមៃរបស់ខ្ញុំ”៕
រូបភាព៖ Prey Veng Football Club