(Khmer) លោក Paul Scholes ដែលជាអតីតកីឡាកររបស់ Manchester United បានទទូចឲ្យ Marcus Rashford ឈប់តាំងខ្លួនឯងថាល្អទៀតទៅ ដើម្បីស្វែងរកទម្រង់លេងល្អឡើងវិញបន្ទាប់ពីរូបគេបង្ហាញទម្រង់លេងធ្លាក់ចុះមែនទែនក្នុងការប្រកួតទល់នឹង Atletico Madrid កាលពីយប់មិញ។
Rashford បរាជ័យក្នុងការបង្ហាញឥទ្ធិពលរបស់ខ្លួនទល់នឹង Atletico Madrid ដោយត្រូវបានលោក Ralf Rangnick ផ្លាស់ប្តូរគេចេញក្នុងនាទីទី៧៥ ជំនួសវិញដោយ Anthony Elanga ដែលជាវីរបុរសរកបានគ្រាប់បាល់តាមស្មើជូនក្រុមដើម្បីរក្សាលទ្ធផលស្មើគ្នា ១ទល់នឹង១ នៃការប្រកួតជើងទី១។
Scholes បាននិយាយថា៖«Rashford មើលទៅដូចជាគាត់កំពុងព្យាយាមខ្លាំងពេក។ រាល់ពេលដែលបាល់មករកគាត់ វាស្ទើរតែមានអារម្មណ៍ថាគាត់កំពុងព្យាយាមធ្វើអ្វីមួយឲ្យមានវេទមន្ត។ វាប្រហែលជារឿងអាក្រក់បំផុតដែលអ្នកអាចធ្វើបាន។ ខ្ញុំតែងតែចងចាំនៅពេលដែលពួកយើងឆ្លងកាត់ពេលវេលាដ៏លំបាកហើយអ្នកចាត់ការ លោក Sir Alex Ferguson បានប្រាប់ឲ្យពួកយើងធ្វើធម្មតាៗ។ Rashford មិនអាចធ្វើបែបនេះបានឡើយ ដោយ គាត់តែងតែគិតថាគាត់ត្រូវតែបង្កើតអ្វីមួយ។ គាត់ត្រូវតែធ្វើឲ្យខ្លួនស្ងប់ស្ងាត់ និង នាំយកទម្រង់លេងល្អឡើងវិញ»៕