(Khmer) គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Park Hang-Seo បានលាឈប់ពីតំណែងគ្រូបង្វឹកឈុត U23 ហើយ តែលោកនឹងបន្តដឹកនាំក្រុមឈុតធំដដែល។
មូលហេតុនេះគឺដោយសារតែ Hang-seo ចង់ផ្តល់ការយកចិត្តទុកដាក់ពេញលេញរបស់គាត់ចំពោះក្រុមឈុតធំ និងផ្តល់ភារកិច្ចគ្រប់គ្រងក្រុម U-23 ដល់គ្រូបង្វឹកម្នាក់ទៀតមកពីប្រទេសកូរ៉េខាងត្បូងគឺលោក Gong Oh-kyun ។
នៅក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ វៀតណាមដឹកនាំដោយលោក Hang-seo ដែលពួកគេបានឈ្នះមេដាយមាសដោយមិនរបូតគ្រាប់បាល់សោះ មិនថាក្នុងការប្រកួតវគ្គចែកពូល ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ចាប់តាំងពីលោក Hang-seo គ្រប់គ្រងក្រុម U-23 ប្រចាំឆ្នាំពីឆ្នាំ 2017 ដល់ឆ្នាំ 2022 វៀតណាមបានកត់ត្រាជ័យជម្នះ 32 លើក ស្មើ 11 ដង និងចាញ់តែ 5 ដងប៉ុណ្ណោះ ដូច្នេះហើយបានក្លាយជាក្រុមល្អបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមិទ្ធិផលដែលលេចធ្លោជាងគេគឺអំឡុងពេលការប្រកួត AFC U-23 ឆ្នាំ 2018 ដែលធ្វើឡើងនៅប្រទេសចិន ដែល Park Hang-seo បានដឹកនាំវៀតណាមដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែទទួលបានត្រឹមជើងឯករងក្រោយពេលពួកគេបានចាញ់ U23 អូសបេគីស្ថាន។
លើសពីនេះ វៀតណាមក៏បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ី ដែលពួកគេបានចាញ់កូរ៉េខាងត្បូងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយពួកគេក៏បានចាញ់អារ៉ាប់រួម (UAE) ក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធផងដែរ។
ពីមុន Gong Oh-kyun គឺជាជំនួយការរបស់ Hang-seo ក្នុងក្រុម U-23 របស់ប្រទេស ដែលគាត់បានចាប់ផ្តើមការងាររបស់គាត់កាលពីដើមឆ្នាំនេះ។ ភារកិច្ចដំបូងរបស់ Oh-kyun ជាមួយក្រុម U-23 គឺក្រុម AFC U-23 ដែលនឹងធ្វើឡើងនៅក្នុង អ៊ូសបេគីស្ថាន ដែលវៀតណាមស្ថិតនៅពូល C ជាមួយកូរ៉េខាងត្បូង និងពីរក្រុមទៀតមកពីអាស៊ីអាគ្នេយ៍ គឺថៃ និងម៉ាឡេស៊ី។