(Khmer) គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo មានជំនឿចិត្តថាកូនក្រុមរបស់លោកនឹងឈានទៅប្រកួតចុងក្រោយដើម្បីដណ្ដើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២១ នៅពេលដែលត្រូវជួបម៉ាឡេស៊ីអាយុក្រោម២៣ឆ្នាំ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ។
នេះគឺដោយសារតែគាត់ និងជំនួយការរបស់គាត់បានសិក្សាស៊ីជម្រៅបន្ថែមទៀតនូវរាល់ចំណុចខ្សោយ និងកម្លាំងរបស់ក្រុមម៉ាឡេស៊ី រួមទាំងការបញ្ជូនអ្នកស៊ើបការណ៍ទៅមើលរាល់ការប្រកួតនៅវគ្គចែកពូល។
លោក Park Hang seo បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា៖ «មុនការប្រកួត យើងបានសិក្សាពីរបៀបផ្តួលក្រុមពួកគេ ផែនការគឺរួចរាល់ហើយ។ ទាំងផ្លូវចិត្ត និងរាងកាយ កីឡាករត្រូវតែស្ថិតក្នុងលក្ខខណ្ឌកំពូល។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយម៉ាឡេស៊ី»។
Park Hang-seo ក៏ចង់ឱ្យកីឡាកររបស់គាត់ប្រុងប្រយ័ត្នខ្សែប្រយុទ្ធម៉ាឡេស៊ីពីរនាក់ដែលលេងជាមួយក្លិបបរទេសគឺ Hadi Fayyad និង Luqman Hakim ។លោក Park និយាយថា៖«ខ្ញុំស្គាល់កីឡាករម៉ាឡេស៊ី ២០នាក់ដែលលេងនៅស៊ីហ្គេម ភាគច្រើនលេងក្នុងលីកក្នុងស្រុក។ មានតែពីរនាក់ប៉ុណ្ណោះដែលបានលេងនៅបរទេស។ ខ្ញុំដឹងថាកីឡាករលេខ១០ (Luqman Hakim) បច្ចុប្បន្នកំពុងលេងនៅប្រទេសបែលហ្សិក។ ទោះបីជាយ៉ាងណាក៏ដោយ គាត់កម្រលេងក្នុងជម្រើសដំបូង ប៉ុន្តែកីឡាករបែបនេះគឺមានគ្រោះថ្នាក់ណាស់។ ម្នាក់ទៀតគឺជាកីឡាករលេខ៩ (Hadi Fayyadh) ដែលលេងជាមួយក្លឹបរបស់ជប៉ុន។ ខ្ញុំគ្រាន់តែដឹងព័ត៌មានអំពីកីឡាករទាំងពីរនេះ។ យើងក៏បានសិក្សាពីរបៀបលេងកីឡាករទាំងពីរនេះ ហើយបានស្វែងរកដំណោះស្រាយក្នុងការទប់ស្កាត់ពួកគេ»។
គ្រូបង្វឹកកូរ៉េខាងត្បូងក៏បង្ហើបថាផែនការដំបូង ពួកយើងបានរៀបចំខ្លួនដើម្បីជួបថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែមិននឹកស្មានថានឹងត្រូវជួបម៉ាឡេស៊ីនោះទេ។ តាមពិតទៅ ការសិក្សាលើក្រុមទាំងពីរនេះ បានធ្វើរួចមុនហើយ ។លោកនិយាយថា៖ «ប្រសិនបើអ្នកក្រឡេកមើលស្ថានភាពក្នុងពូល B ជំនួយការរបស់ខ្ញុំ និងខ្ញុំព្យាករណ៍ថា ម៉ាឡេស៊ី និងថៃ នឹងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខ្ញុំក៏គិតថា វៀតណាម អាចនឹងជួបថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបាល់ទាត់ជាកីឡាដែលពិបាកទស្សន៍ទាយ។ ខ្ញុំមិនមានឱកាសមើលការប្រកួតក្នុងពូល B ទាំងអស់ទេ ប៉ុន្តែយើងបានបញ្ជូនជំនួយការគ្រូបង្វឹកម្នាក់ ដើម្បីសិក្សាគំរូនៃការប្រកួតរបស់ក្រុមនេះ។ មិនថាប៉ះម៉ាឡេស៊ី ឬថៃទេ ការសិក្សាកលល្បិចរបស់ក្រុមទាំងពីរគឺពួកយើងបានត្រៀមរួចរាល់ហើយ»៕
ប្រភព៖ vocketfc