ads
ads
(Khmer) មិនបំពេញតាមស្តង់ដារ FIFA និងខូចខាតច្រើន កីឡដ្ឋាន Kanjuruhan នឹងត្រូវកម្ទេចចោល
20-October-2022

(Khmer) កីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malaang ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវកម្ទេចចោល បន្ទាប់ពីឧប្បត្តិហេតុដែលបានឆក់យកជីវិតអ្នកគាំទ្របាល់ទាត់ប្រមាណ ១៣៣នាក់។

សោកនាដកម្មដ៏គួរឱ្យសោកស្ដាយគឺជាព្រឹត្តិការណ៍ដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ឥណ្ឌូនេស៊ី ហើយ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​មួយ​ដែល​ទាក់​ទង​នឹង​អ្នក​គាំទ្រ​បាល់ទាត់។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសថាកីឡដ្ឋាន Kanjuruhan នឹងត្រូវកម្ទេច និងសាងសង់ឡើងវិញជាមួយនឹងកីឡដ្ឋានថ្មីនៅលើទីតាំងដដែល។​ Jokowi បាន​បញ្ជាក់​ពី​បញ្ហា​នេះ​បន្ទាប់​ពី​ជួប​ជាមួយ​ប្រធាន FIFA លោក Gianni Infantino ​គឺ​បន្ទាប់​ពី​កីឡដ្ឋាន​ត្រូវ​បាន​គេ​បញ្ជាក់​ថា​មិន​បាន​តាម​ស្តង់ដារ FIFA។

Jokowi បាននិយាយថា៖«សម្រាប់កីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang យើងនឹងកម្ទេច និងសាងសង់ឡើងវិញតាមស្តង់ដាររបស់ FIFA»។

លោក Jokowi បានបន្ថែមថា៖«កីឡដ្ឋានថ្មីដែលនឹងត្រូវសាងសង់នឹងត្រូវបំពាក់ដោយបរិក្ខារសមស្របដែលអាចធានាសុវត្ថិភាពកីឡាករ និងអ្នកគាំទ្រ»។

ក្នុងជំនួបដដែល លោក Infantino បានសន្យាថា FIFA នឹងជួយក្នុងបដិវត្តន៍ និងផ្លាស់ប្តូរបាល់ទាត់ឥណ្ឌូនេស៊ី។ FIFA ក៏បានសម្តែងការអាណិតអាសូររបស់ខ្លួនចំពោះសោកនាដកម្មដែលបានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីនៅក្នុងសោកនាដកម្ម Kanjuruhan ។

ក្នុង​ចំណោម​ហេតុផល​ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​សម្រេច​កម្ទេច​ Kanjuruhan គឺ​ដោយសារ​កត្តា​សុវត្ថិភាព និង​ស្ថានភាព​ទ្រុឌទ្រោម​នៃ​កីឡដ្ឋាន។ កីឡដ្ឋាន​ដែល​មាន​សព្វ​ថ្ងៃ​នេះ​មិន​បាន​បំពេញ​តាម​លក្ខណៈ​បច្ចេកទេស​សុវត្ថិភាព​ល្អ​ទេ។ នៅត្រង់ច្រកចូលនីមួយៗ អាចផ្ទុកមនុស្សបានតែ 2 នាក់ប៉ុណ្ណោះក្នុងពេលតែមួយ។

ដូច្នេះ​ពេល​មាន​អាសន្ន​ពិបាក​ណាស់​ដែល​អ្នក​គាំទ្រ​ចេញ​មក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ជំនាញ​ក៏​បាន​បន្ថែម​ទៀត​ថា ហេដ្ឋារចនាសម្ព័ន្ធ​កីឡដ្ឋាន​ក៏​មាន​សភាព​រង្គោះ​រង្គើ​ដែរ។ ​គួបផ្សំ​នឹង​ភាព​ទន់ខ្សោយ​នៃ​ការគ្រប់គ្រង បាន​ធ្វើ​ឲ្យ​កីឡដ្ឋាន​ដែល​សាងសង់​ក្នុង​ទសវត្សរ៍​ទី 90 លែង​ប្រើកើតទៀតហើយ។

ads
ads