(Khmer) កាលពីថ្មីៗនេះ មានកិច្ចសម្ភាសន៍តាមរយៈប្រព័ន្ធអនឡាញមួយ រវាង Kingdom of football ជាមួយនឹងកូនកាត់ខ្មែរ-អាមេរិក Nick Taylor ជុំវិញសំណួរមួយចំនួន ទាក់ទងទៅនឹងការលេង ក៏ដូចជាតួនាទីរបស់កីឡាកររូបនេះនៅលើទីលាន ជាមួយក្លិប Orlando City B នៃក្របខណ្ឌ MLS Next Pro។
យោងតាមកិច្ចសម្ភាសន៍ ដែល B8-sport.com បានដកស្រង់ចេញពីការបង្ហោះនៅក្នុងបណ្តាញសង្គម Tik Tok របស់ Kingdom of football បានចោទជាសំណួរទៅកាន់កីឡាករ Nick Taylor ថា៖ «តើអ្នក ជាកីឡាករប្រភេទណា? តើអ្នកលេង ស្ថិតក្នុងតួនាទីអ្វី… ហើយតួនាទីអ្វី ដែលអ្នកគិតថា លេងបានល្អបំផុត?»
កីឡាករវ័យ២៣ឆ្នាំរូបនេះ បានឆ្លើយតបយ៉ាងក្បោះក្បាយថា៖ «បាទប្រាកដណាស់! ខ្ញុំលេងតំណែង ដែលខ្ញុំចូលចិត្តបំផុតនោះគឺ ខ្សែបម្រើប្រយុទ្ធស្លាប (Winger)។ ខ្ញុំជាកីឡាករជំនាញជើងឆ្វេង ខ្ញុំចូលចិត្តលេងស្លាបឆ្វេង ខ្ញុំមានល្បឿនលឿនណាស់ នេះជាចំណុចខ្លាំងរបស់ខ្ញុំ ហើយខ្ញុំចូលចិត្តរត់ពីក្រោយតំបន់ការពារគូប្រកួត។ លើសពីនេះ ខ្ញុំចូលចិត្តបង្កើតឱកាសលេងមួយទល់នឹងមួយជាមួយគូប្រកួត។ ការលេងមួយទល់នឹងមួយ (1 vs 1) ដូចជាការចូលចិត្តញុំានំបុ័ង ជាមួយនិងប៊ឺ ដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំអីញ្ជឹងដែរ។ ដូច្នេះប្រសិនបើខ្ញុំទទួលបានឱកាសនៅក្នុងទីតាំងបែបនោះ ខ្ញុំនឹងធ្វើវា (1 vs 1)។
យុវជន ដែលទទួលការបណ្តុះបណ្តាលចេញថ្នាលរបស់ក្លិប Dallas Texans រូបនេះ បានបន្តទៀតថា៖ «វាជាខ្ញុំ! ខ្ញុំអាចបង្កើតឱកាសលេងនៅតំបន់ស្លាប មានចំនួន ៩ដងក្នុងចំណោម ១០ដងទៅហើយ អំឡុងពេលលេងទល់នឹងខ្សែការពាររបស់គូប្រកួត។ ខ្ញុំប្រជែងឈ្នះក្នុងស្ថានភាពលេង ១ទល់១ (Duel) ដូច្នេះប្រភេទកីឡាករបែបនេះ ខ្ញុំអាចនិយាយថា រូបខ្ញុំ ជាកីឡាករមានគុណភាពប្រយុទ្ធដ៏មានឥទ្ធិពលម្នាក់ ប៉ុន្តែចំណុចមួយទៀត ខ្ញុំក៏អាចលេងខ្សែការពារស្លាបឆ្វេង (Left Back) បានដែរ។ នៅក្លិប Orlando City B ខ្ញុំមានតួនាទីជាខ្សែបម្រើប្រយុទ្ធស្លាបឆ្វេង ដូច្នេះខ្ញុំមានឱកាសចុះជួយតំបន់ការពារ ហើយចំណុចនេះ ខ្ញុំគិតថាវាជារឿងល្អមួយ បន្ថែមទៅលើសមត្ថភាពរបស់ខ្ញុំ។ និយាយដោយស្មោះត្រង់! ខ្ញុំចូលចិត្តរកគ្រាប់បាល់បញ្ចូលទី ហើយសង្ឃឹមថាខ្ញុំអាចធ្វើបានសម្រាប់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។
យើងទាំងអស់គ្នា ក្នុងនាមជាអ្នកគាំទ្រ កំពុងតែរង់ចាំមើលវត្តមានរបស់កីឡាករ Nick Taylor ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលខាងមុខនេះ។
ដកស្រង់ចេញពីវីដេអូ៖ Kingdom of Football
ប្រែសម្រួលដោយ៖ B8-Sport