(Khmer) លោក ឃឹម បុរី ដែលជាគ្រូបង្គោលរបស់ក្លិបណាហ្គាវើលដ៍ បានដាក់គោលដៅយ៉ាងណាក៏រកបាន១ពិន្ទុក្នុងជំនួបទល់នឹង ក្លិបវិសាខា នាថ្ងៃស្អែកនេះ។
លោក បុរី នឹងត្រូវដឹកនាំកូនក្រុមទៅកាន់កីឡដ្ឋាន Prince Stadium នៅថ្ងៃស្អែកវេលាម៉ោង ៦ ទល់នឹង វិសាខា ខណៈ ការប្រកួតបើកឆាករបស់ណាហ្គាវើលដ៍ គឺ ធ្វើមិនបានល្អឡើយដោយចាញ់ ក្លិបបឹងកេត ក្នុងលទ្ធផល ៣ទល់នឹង១។
ក្នុងវីដេអូសម្ភាសន៍មុនការប្រកួតរបស់ Nagaworld TV អតីតខ្សែប្រយុទ្ធរូបនេះថា៖«ពួកយើងកំពុងហ្វឹកហាត់បានយ៉ាងល្អ ហើយ នឹងត្រៀមខ្លួនសម្រាប់ជំនួបទល់នឹងក្រុមវិសាខា។ យើងបានមើលការប្រកួតមុនរបស់ពួកគេរួចហើយ ហើយយើងបានដឹងពីរបៀបដែលពួកគេលេង»។
«យើងមានបញ្ហាមួយចំនួនជាមួយកីឡាករមានវិជ្ជមានកូវីដ-១៩ កាលពីសប្តាហ៍មុន ប៉ុន្តែគ្រប់គ្នាបានជាសះស្បើយ និង បានត្រលប់មករួមក្រុមវិញហើយ។ មកទល់ពេលនេះយើងមានកីឡាករតែម្នាក់គត់ ដែលត្រូវអវត្តមានដោយសាររបួស។ វិសាខា មានកីឡាករល្អៗច្រើន ប៉ុន្តែខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ។ ខ្ញុំជឿថាយើងអាចធ្វើវាបាននៅចុងសប្តាហ៍នេះ។ យ៉ាងហោចណាស់យើងនឹងទទួលបានមួយពិន្ទុពីការប្រកួតក្រៅដីនេះទល់នឹងវិសាខា»៕