(Khmer) «សម្រាប់ទាត់បាល់ Set Piece! គ្រូបានឱ្យរូបខ្ញុំជាអ្នករ៉ាប់រង។ ខ្ញុំមិនដឹងថាគ្រូបានឃើញគុណសម្បត្តិរបស់ខ្ញុំ មានច្រើនដល់កម្រិតណាមួយឡើយ ។ គ្រាន់តែដឹងថា ពួកគាត់អនុញ្ញាតិ បូករួមជាមួយការផ្ដល់ទំនុកចិត្តយ៉ាងខ្ពស់មកកាន់រូបខ្ញុំ។ ដូច្នេះខ្ញុំត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាព ដែលខ្ញុំមាន ដើម្បីបង្ហាញនូវអ្វី ដែលពួកគាត់ចង់បាន»។ នេះគឺសម្ដីរបស់ មិន រតនៈខ្សែបម្រើជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំ បានផ្ដល់បទសម្ភាសន៍មកកាន់អ្នកយកព័ត៌មានរបស់គេហទំព័រ B8 Sport។
មែនទែនទៅ! ខ្សែបម្រើវ័យក្មេងរបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះគឺជាទទួលភារៈទាត់បាល់រៀបចំ Set Piece ទាំងហ្វ្រីឃីគ បាល់ជ្រុងក្នុងការប្រកួតក្នុងពាន AFF U23 ហើយពេលខ្លះគេសង្កេតឃើញគាត់សហការគ្នាជាមួយ ញាណ សុស៊ីដាន់។ ដោយឡែកអំឡុងពេលទាត់ជ្រុងខាងស្ដាំ រតនៈជាអ្នករ៉ាប់រង ហើយខាងឆ្វេងពេលខ្លះគេឃើញ ស៊ីដាន់ជាអ្នកទទួល។
រតនៈ និងស៊ីដាន់ ត្រូវបានគេមើលឃើញថាជាកីឡាករ ដែលទាត់ពីចម្ងាយបានល្អហើយជារឿយៗពួកគេតែងតែរ៉ាប់រងគ្រប់បាល់បែបនេះក្នុង២ប្រកួតកន្លងមក។ ខ្សែបម្រើមាឌល្អិត លេងសឹងគ្របឈុតក្នុងជម្រើសជាតិកម្ពុជារូបនេះបានបន្តថា៖ «ធ្វើបានល្អប៉ុណ្ណា យើងត្រូវតែទទួលស្គាល់នូវលទ្ធផលរបស់យើង ពីព្រោះហ្នឹងជាការងារគាត់ (ក្រុមគ្រូបង្វឹក) ជាអ្នកដាក់ឱ្យយើង»។
ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបន្តទៀតថា៖«រឿងដែលរំភើបជាងគេក្នុងព្រឹត្តិការណ៍នេះគឺបានលេងនៅស្ដាតថ្មី ស្ដាតធំ លើកទីមួយក្នុងជីវិត។ បន្ទាប់មកទៀតឃើញអ្នកមកទស្សនាយ៉ាងច្រើនកុះករ ជាពិសេសម៉ាក់ប៉ាមកលើកទឹកចិត្ត ។ ពិតជាមានអារម្មណ៍រំភើបណាស់»។
ក្នុងវគ្គជម្រុះក្នុងពូល ក្រុមកម្ពុជាវ័យក្រោម២៣ឆ្នាំ នៅសល់មួយប្រកួតទៀតគឺប៉ះជម្រើសជាតិទីម័រខាងកើត នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ដែលជាការប្រកួតចុងក្រោយពូល A។ កម្ពុជាត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ដើម្បីរក្សាតំណែងកំពូលតារាង ខណៈបច្ចុប្បន្នឈរនៅលេខ១ មាន៦ពិន្ទុពេញ និងចំណេញគ្រាប់បាល់៧គ្រាប់ក្នុងដៃលើសក្រុមលេខ២ ទីម័រខាងកើត ២ពិន្ទុ៕