(Khmer) «ការរកបានបួនគ្រាប់នេះ! ខ្ញុំមិនដែលរំពឹងទុកទេ។ វាជាលើកទីមួយសម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំមិនដែលទាត់ចូលច្រើនគ្រាប់អញ្ចឹងទេ តាំងពីណាពីណីមកហើយបង ហើយខ្ញុំក៏មិនដែលរំពឹងដែរ» នេះគឺជាការលើកឡើងរបស់ខ្សែបម្រើវ័យក្មេង មិន រតនៈផ្ដល់បទសម្ភាសន៍តាមសារអេឡិចត្រូនិកជាមួយ B8 Sport ក្រោយការប្រកួតចប់យប់មិញដែលព្រះខ័នរាជស្វាយរៀងយកឈ្នះគិរីវង់១០ទល់០។
មិន រតនៈជាកីឡាករខ្មែរដំបូងគេរកបាន៤គ្រាប់ក្នុងមួយប្រកួតសម្រាប់ពានរង្វាន់ Cambodian Premier League រដូវកាល២០២២ ក្រោយកីឡាកររូបនេះនិងមិត្តរួមក្រុមជួយក្រុម ព្រះខ័នរាជស្វាយរៀងឈ្នះគិរីវង់១០ទល់០។ ៤ គ្រាប់របស់កីឡាករវ័យមិនដល់២០ឆ្នាំរូបនេះរកបាននៅនាទី០៦, ៤៦, ៦៦ និងនាទី៨៦។ កីឡាកររូបនេះបន្តថា៖
«ការទាត់ចូលហ្នឹងដោយសារតែគ្រូគាត់ជំរុញឱ្យខ្ញុំរត់ចូលក្នុងទីឱ្យបានច្រើន។ កាលណាយើងចូលទៅក្នុងប្រអប់គ្រោះថ្នាក់ច្រើនអញ្ចឹងទៅ យើងអាចមានឱកាសសម្រេចទី ហើយខ្ញុំក៏ព្យាយាមតាមគាត់ប្រាប់ ឃើញថាបានសម្រេចមែន»។
គិតមកដល់ពេលនេះ! រតនៈរកបាន៦គ្រាប់ហើយក្នុងពានរង្វាន់ Cambodian Premier League រដូវកាល២០២២ ហើយក៏ក្លាយជាកីឡាកខ្មែររកបានគ្រាប់បាល់ច្រើនជាងគេបណ្ដោះអាសន្នក្នុងលីគលើសរៀមច្បង ម៉ាត់ នូរុណរបស់ក្លិបបឹងកេតអេហ្វស៊ី៕
រូបថត៖ Preah Khan Reach Svay Rieng FC
អត្ថបទ៖ និស្ស័យ