(Khmer) កីឡាករ Mbappe វ័យ២៥ ឆ្នាំនឹងផុតកុងត្រាជាមួយក្លិប Paris SG នៅរដូវក្តៅនេះ ស្របពេលដែលមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា កីឡាកររូបនេះបានសម្រេចចិត្តចូលរួមជាមួយ Real Madrid លើការផ្ទេរដោយឥតគិតថ្លៃប្រសិនបើយល់ព្រមតាមការទាមទាររបស់គាត់។
Kylian Mbappe បានធ្វើការទាមទារផ្នែកហិរញ្ញវត្ថុចំនួន៣ ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ដើម្បីបិទបញ្ចប់ការផ្ទេរកីឡាករដែលរង់ចាំជាយូរមកហើយរបស់គាត់ទៅកាន់ក្លិប Real Madrid ។
តើលក្ខខ័ណ្ឌធំៗទាំងបីនោះមានអ្វីខ្លះ?
លក្ខខណ្ឌទី១៖ កីឡាករសញ្ជាតិបារាំងទាមទារប្រាក់បៀវត្សរ៍ជាង៥៣លានដុល្លារក្នុងមួយឆ្នាំដែលស្ទើរតែទ្វេដងនៃប្រាក់បៀវត្សរ៍របស់ Vinicius និង Bellingham ។
លក្ខខណ្ឌទី២៖ Mbappe ក៏ត្រូវបានគេរាយការណ៍ថាចង់បានការចុះហត្ថលេខាលើប្រាក់បន្ថែម ដែលមានតម្លៃមិនគួរឱ្យជឿចំនួន ១៣៣លានដុល្លារ។តម្លៃដ៏ច្រើននេះនឹងត្រូវបែងចែកជាបីចំណែកគឺរវាងខ្លួនគាត់ផ្ទាល់ ជាមួយម្តាយ និងភ្នាក់ងាររបស់គាត់គឺ លោក Fayza Lamari។
លក្ខខណ្ឌទី៣៖ Mbappe ទាមទាររក្សាបានភាគរយខ្ពស់ពីសិទ្ធិផ្សាយរូបភាពរបស់គាត់។ ក្លិបស្តេចស Real Madrid ជាធម្មតាចូលចិត្តរក្សាសិទ្ធិពេញលេញរបស់កីឡាករ ប៉ុន្តែវាត្រូវបានគេណែនាំថា Los Blancos នឹងសុខចិត្តលះបង់៦០ភាគរយដើម្បីផ្គាប់ចិត្តកីឡាករបារាំងរូបនេះ។
ខណៈដែលមន្ទិលសង្ស័យពីអនាគតរបស់គាត់នៅតែបន្ត Mbappe ប្តេជ្ញាចិត្តយ៉ាងពេញលេញជាមួយ PSG – យ៉ាងហោចណាស់ក៏ក្នុងពេលនេះដែរ។ Mbappe នៅតែមានឱកាសអាចបន្តស្នាក់នៅទីក្រុងប៉ារីសរយៈពេលមួយឆ្នាំទៀត ដោយសារកិច្ចសន្យារបស់គាត់មានភ្ជាបឃ្លាកុងត្រាមួយដែលនិយាយពីជម្រើសបន្តកិច្ចសន្យាដ៏មានតម្លៃរបស់គាត់រហូតដល់ឆ្នាំ ២០២៥៕