ads
ads
ម៉ៅ សាវីនពី​កីឡាកា
08-March-2022

(Khmer) ក្រុមបាល់​ទាត់​ឈុតនារីភ្នំពេញ​ក្រោន​ទើប​តែ​គ្រងពាន​រង្វាន់លីគនារី២០២១ ក្រោយ​លេង​បាន​១១​ប្រកួត​មិន​ដែល​ចាញ់​សោះ ដែល​ក្នុង​១១​ប្រកូត​នេះស៊ុត​បញ្ចូល​ទី​គូប្រកួត​៨៨​គ្រាប់​របូត​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ ខណៈនៅ​សល់បី​ប្រកួត​ទៀតទើប​ចប់​លីគ។

May be an image of 5 people and people standing

នៅ​ពីក្រោយលទ្ធផល​ដ៏​ល្អមិន​ស្មានរបស់​ក្លិប​នារី​ភ្នំពេញ​ក្រោន​នេះ​ គឺ​បាន​មក​ពី​ការ​ដឹកនាំ​របស់​អតីតកីឡាការិនីបាល់ទាត់​តាម​អង្គការ​មួយ​នៅ​តាម​ខេត្តដែល​មាន​ជីវិតតស៊ូក្នុងពិភពបាល់​ទាត់​សឹង​តែមិន​គួរឱ្យ​ជឿ រហូតក្លាយជាគ្រូបង្វឹកបាល់​ទាត់​ដែល​មាន​អាជ្ញាប័ណ្ឌគ្រូបង្វឹក​កម្រិត​ A ម្នាក់ក្នុងចំណោម២នាក់​នៅ​ស្រុក​ខ្មែរ នោះ​គឺ​អ្នក​គ្រូ ម៉ៅ សាវីន។

ឆ្លើយឆ្លងតាម​រយៈសារអេឡិចត្រូនិកជាមួយអ្នក​យក​ព័ត៌មានរបស់ B8 Sport គ្រូបង្វឹកមាន​ប្រភពពី​ខេត្តបន្ទាយមាន​ជ័យបាន​រៀបរាប់អំពី​ជីវិតតស៊ូរបស់​នាងរហូត​ក្លាយ​ជា​គ្រូបង្វឹកបាល់​ទាត់នាពេល​នច្ចុប្បន្ន។

«ប្រវត្តិនៃ​ការ​ចូលរួម​បាល់​ទាត់របស់ខ្ញុំ​គឺចាប់​ផ្ដើម​ពី​ឆ្នាំ២០១០ ប៉ុន្តែអំឡុងពេល​ហ្នឹង​ខ្ញុំចូល​ហាត់​ក្នុង​អង្គការ​មួយក្នុងខេត្តបាត់​ដំបង ឈ្មោះអង្គការសល (SALT Academy ) ដែល​គេ​បង្កើត​កម្មវិធី Mighty Girls ហើយ​ពេល​នោះ​គេបាន​ប្រមូលផ្ដុំក្មេង​ស្រីលេងបាល់ ហើយ​ខ្ញុំក៏​បាន​ចូលរួម​ជាមួយពួក​គាត់មក​ដល់​ឆ្នាំ២០១៥។ ពេល​នោះ​ខ្ញុំជាកីឡាការិនីជម្រើស​ជាតិ​បាត់​ដំបង។ ពេល​ដែលខ្ញុំចប់វិទ្យាល័យ​ទៅ ក៏​ខ្ញុំបន្ត​រៀនវគ្គ​បាល់​ទាត់បន្ថែម រហូត​ដល់​ចុងឆ្នាំ២០១៨ ខ្ញុំបាន​បញ្ចប់​អាជ្ញាប័ណ្ឌកម្រិត A »។

អ្នក​គ្រូបាន​រៀបរាប់អំពីឧបសគ្គនានា​ដែល​បាន​ឆ្លង​កាត់អំឡុង​ពេល​ប្រឡូកក្នុងវិស័យបាល់​ទាត់​ដំបូង​ថា៖« ឧបសគ្គមាន​ច្រើនមែនទែន! ពិសេសក្រុមគ្រួសារ មិត្តភ័ត្រ បងប្អូនអីហ្នឹងអត់​យល់​ស្របឱ្យ​យើង​ហ្នឹង​លេង​បាល់ទាត់​ទេ ដោយ​សារ​ពួក​គាត់​គិត​ថា បាល់​ទាត់​សម្រាប់​តែ​មនុស្សប្រុស មិន​មែន​សម្រាប់​នារី​ទេ។ ពេល​ហ្នឹង​ខ្ញុំមាន​សម្ពាធខ្លាំង ហើយខ្ញុំក៏​បាន​វេចសម្ពាយខោអាវ ចាកចេញ​ពី​ស្រុកកំណើតខាងបន្ទាយមានជ័យ ទៅ​រស់​នៅជាមួយក្មេងស្រីៗ ក្នុង​អង្គការសល នៅ​ខេត្តបាត់​ដំបង”។

«សម្ពាធជារឿយៗ! ពេល​យើងទៅ​លេង​ផ្ទះ​ឯស្រុកកំណើត ខ្ញំនៅ​តែ​លឺពាក្យ​ថា បាល់​ទាត់​សម្រាប់​តែបុរស​ទេ មិន​មែន​សម្រាប់​នារី​ទេ…។ ពាក្សម្ដី​ទាំង​នេះរឹតតែបាន​ជំរុញឱ្យខ្ញុំបន្តជម្នះ ហើយ​បង្ហាញថា​វា​មិន​មែន​ជាការ​ពិត​ទេ ដែល​បាល់​ទាត់​សម្រាប់​តែ​បុរស គឺ​បាល់​ទាត់​សម្រាប់​ទាំងអស់​គ្នា ហើយខ្ញុំក៏បាន​ប្ដេជ្ញាចិត្តថាបង្កើតសមិទ្ធផលយ៉ាងម៉េច ឱ្យ​ពួក​គាត់​បាន​ឃើញ​ថា​នេះជា​អ្វី​ដែលដែល​ពួក​គាត់​បាន​គិត​អវិជ្ជមានទៅលើ​ប្រភេទកីឡាបាល់ទាត់”។

«សព្វថ្ងៃ​នេះផង​ដែរ! ឪពុកម្ដាយរបស់​ខ្ញុំ គាត់​បាន​កែ​ប្រែគំនិតមក​គាំទ្រខ្ញុំ លើក​ទឹក​ចិត្តខ្ញុំ ឱ្យ​ខ្ញុំខំប្រឹង​ប្រែង នូវ​ជំនាញរបស់​ខ្លួនឯង​ដែល​មាន។ ខ្ញុំចង់​ប្រាប់​អ្នក​ទាំងអស់​គ្នាថា នេះ​គឺ​ជាសមិទ្ធិផលដែល​យើង​ទទួលបាន។ បើ​យើងស្រឡាញ់ យើង​ចូលចិត្ត យើង​យត្រូវ​ការ​ខំប្រឹងឱ្យ​ច្បាស់​លាស់ កុំបោះបង់ ព្រោះ​វា​ជាផល​ល្អ​ឬ​សមិទ្ធិផលដែល​មនុស្ស​ដ៏ទៃ​គេមិន​គាំទ្រ ងាក​មក​ទទួល​យក​វិញ»។


«មួយវិញ​ទៀតផង​ដែរ!​ ខ្ញុំលើក​ទឹក​ចិត្ត​ដល់​ក្មេង​ស្រីៗនៅក្នុង​ប្រទេស​កម្ពុជារបស់​យើង បើសិន​គាត់​ស្រឡាញ់​បាល់​ទាត់ គាត់​ស្រឡាញ់​ជំនាញនៃ​ការ​លេង​បាល់ ខ្ញុំលើក​ទឹក​ចិត្តឱ្យ​គាត់​ខំប្រឹង​ប្រែង ហើយ​កុំបោះបង់ក្ដីស្រម៉ៃរបស់ខ្លួនឯង”៕

រូបភាព៖ ភ្នំពេញក្រោន កឹម សុវណ្ណា ម៉ៅ សាវីន

ads
ads