(Khmer) លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃបានបើកចិត្តបើកកាយទទួលស្គាល់លទ្ធផលចាញ់ តៃវ៉ាន់ ០-១ ក្នុងសមរភូមិបាល់ទាត់កម្ដៅសាច់ដុំមិត្តភាពកាលពីយប់មិញនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
Mano Polking បាននិយាយថា៖ “នេះគឺជាលទ្ធផលដ៏ខកចិត្តមួយសម្រាប់ពួកយើង។ បើទោះបីវាគ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំ ប៉ុន្តែយើងទំនងជាមិនចាញ់ក្នុងការប្រកួតនេះទេ។ យើងបានរៀបចំនិងរៀបចំផែនការតាំងពីដើមមកថា យើងមានការប្រកួតកម្ដៅសាច់ដុំចំនួនពីរ។ ប្រកួតដំបូងយើងប្រើប្រាស់ឈុត A ហើយមួយប្រកួតទៀត ប្រើឈុតមួយផ្សេងទៀត។ ដូច្នេះអ្នករាល់គ្នាមានឱកាសចូលទៅក្នុងទីលាន ដើម្បីមើលថាអ្នកណាត្រៀមខ្លួនហើយនឹងចាប់ផ្ដើមក្នុងការប្រកួតជើងឯកអាស៊ាន»។
“ជាក់ស្តែង យើងមានការខកចិត្តជាមួយនឹងការប្រកួតថ្ងៃនេះ ព្រោះវាមិនបានទៅតាមរបៀបដែលយើងចង់បាន។ ប៉ុន្តែយើងត្រូវជួសជុលវា។ ថ្ងៃនេះបានឃើញអ្នករាល់គ្នាបានលេងទាំងពីរប្រកួត ហើយនឹងឃើញពីរបៀបដែលយើងមានគម្រោងសម្រាប់ការប្រកួតនាពេលខាងមុខ»។
«សម្រាប់តៃវ៉ាន់ថ្ងៃនេះ ពួកគេលេងបែបការពារវាយបក ហើយសម្រេចទៅតាមការចង់បាន សូមអបអរសាទរ។ ជាការពិតណាស់ ការប្រកួតមិត្តភាពបានជួយយើងក្នុងការសម្រេចចិត្តលើការជ្រើសរើសកីឡាករ 23 នាក់មុនការប្រកួត។ យើងបានមើលការប្រកួតទាំងពីរនេះរួចហើយ។ យើងព្យាយាមផ្តល់ឱកាសឱ្យកីឡាករគ្រប់រូបលេង»។
«តាមពិតទៅក្នុងបញ្ជីរបស់យើងមានកីឡាករខ្សែការពារស្តាំមួយចំនួនតូច។ ជាការពិតណាស់ហ្គេមនេះយើងបានសាកល្បង។ យើងដាក់ Charoensak ឱ្យលេងក្នុងទីតាំងការបារស្លាបដើម្បីបន្ថែមកម្លាំងប្រយុទ្ធ ។ Charoensak អាចលេងតំណែងនោះ ប៉ុន្តែក៏មាន Jakpan ដែលអាចលេងបានផងដែរ។ »។
“វាអាចទៅរួចណាស់ដែលយើងអាចប្រើជម្រើស១១នាក់ដំបូងពីការប្រកួតជាមួយមីយ៉ាន់ម៉ា។ ប៉ុន្តែយើងនៅមានកីឡាករដូចជា Channarong Promsrikaew ដែលប្រកួតដំបូងខ្ញុំដាក់ឱ្យគាត់លេងការប្រកួតទីមួយ ប៉ុន្តែគាត់មានរបួសពេលហ្វឹកហាត់។ អញ្ចឹងហើយវាធ្វើឱ្យយើងមិនអាចដំណើរការបានពេញលេញនោះទេ»។
សម្រាប់ក្រុមជម្រើសជាតិថៃ ត្រៀមចូលទីលានប្រកួតបាល់ទាត់ជើងឯកអាស៊ាន ឆ្នាំ២០២២ ក្នុងពូល A ជាមួយហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា និងប្រ៊ុយណេ។ កម្មវិធីប្រកួតដំបូងរបស់ក្រុមជម្រើសជាតិថៃ នឹងជួបប្រ៊ុយណេ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ ។