(Khmer) FIFA នឹងចែកចាយលុយមូលនិធិជាថ្នូរនឹងក្លឹបដែលបញ្ជូនកីឡាកររបស់ខ្លួនទៅប្រកួត World Cup ខណៈដែលម្ចាស់ជើងឯក Premier League ក្លិប Manchester City នឹងទទួលបានលុយច្រើនបំផុត។
ម្ចាស់ជើងឯក Premier League បានបញ្ជូនកីឡាករចំនួន 16 នាក់ទៅកាន់ព្រឹត្តិការណ៍នេះ ដែលពួកគេតំណាងឱ្យប្រទេសចំនួន 9 ផ្សេងគ្នា។ កីឡាករទាំងអស់ លើកលែងតែ Julian Alvarez បានត្រលប់មកផ្ទះវិញអស់ហើយ ស្របពេលខ្សែប្រយុទ្ធរូបនេះស្ថិតក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យ។
ជាលទ្ធផលនៃកីឡាករ 9 នាក់របស់ពួកគេបានឈានទៅដល់យ៉ាងហោចណាស់វគ្គ ៨ក្រុមចុងក្រោយ ហើយ Man City ស្ថិតក្នុងបញ្ជីក្លិបទទួលបានការទូទាត់សំណងដ៏ធំបំផុតរបស់ក្លឹបណាមួយនៅក្នុងពិភពលោក។ FIFA មានលុយសម្រាប់ចែកចាយមូលនិធិកម្មវិធីអត្ថប្រយោជន៍ក្លឹប 169 លានផោនជាថ្នូរនឹងក្លឹបដែលបញ្ជូនតារាបាល់ទាត់របស់ពួកគេទៅការប្រកួត។
យោងតាមកាសែត The Times បានឱ្យដឹងថា City នឹងទទួលបានលុយ 4.5 លានផោនដែលច្រើនជាងគូប្រជែង Premier League ណាមួយ។ចំនួននេះនាំមុខ Barcelona ដែលបានបញ្ជូនកីឡាករ 17 នាក់ទៅចូលរួមការប្រកួតនៅប្រទេសកាតា។ ប៉ុន្តែតារាចំនួនប្រាំបីនាក់ក្នុងចំណោមតារាទាំងនោះស្ថិតនៅក្នុងក្រុមអេស្ប៉ាញ ដែលបានធ្លាក់ចេញក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងវគ្គ 16 ក្រុមចុងក្រោយ។
សម្រាប់កីឡាករម្នាក់ៗដែលឈានដល់វគ្គចែកពូល ក្លឹបនានាអាចស្នើសុំប្រាក់ចំនួន £145,000 ពី FIFA។ ការទូទាត់នោះកើនឡើងដល់ £177,500 សម្រាប់អ្នកដែលឈានដល់វគ្គ 16 ក្រុមចុងក្រោយ £226,000 សម្រាប់វគ្គ៨ក្រុមចុងក្រោយ £258,000 សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង £298,500 សម្រាប់ឈានទៅវគ្គផ្តាច់ព្រ័ត្រ។
FIFA នឹងចំណាយប្រាក់សម្រាប់កីឡាករទាំងអស់ក្នុងការប្រកួតនេះមិនថាលេងប៉ុន្មាននាទីឬអត់នោះទេ។ ប្រសិនបើកីឡាករណាម្នាក់លេងនៅក្លឹបតិចជាងពីរឆ្នាំ ការទូទាត់ត្រូវបានចែករំលែកជាមួយអតីតក្រុមរបស់ពួកគេ។
ស្របពេលក្រុមអង់គ្លេស ព័រទុយហ្គាល់ ហូឡង់ និងអាហ្សង់ទីន បានឡើងដល់វគ្គ ៨ក្រុមចុងក្រោយនោះ City ស្ថិតក្នុងក្រុមដែលទទួលបានលុយច្រើនជាងគេ។ ការទូទាត់ 4.5 លានផោនរបស់ពួកគេធ្វើឱ្យពួកគេនាំមុខក្រុម Manchester United ដែលនឹងទទួលបាន 2.92 លានផោន Chelsea ដែលនឹងទទួលបាន 2.47 លានផោន និង Tottenham 2.33 លានផោន។
Arsenal និង Liverpool រកបានទាបបំផុតនៃក្រុម Big Six ហើយនឹងទទួលបានចំនួន 2.11 លានផោន និង 1.55 លានផោនរៀងៗខ្លួន។ គោលនយោបាយនៃការបង់ប្រាក់ទាំងនេះបានចាប់ផ្តើមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2010 ។ នៅក្នុងការប្រកួតនោះ មានមូលនិធិចំនួន 32.2 លានផោន ប៉ុន្តែបានកើនឡើងដល់ 169 លានផោនសម្រាប់ការប្រកួតពីរលើកកន្លងមក បន្ទាប់ពីកិច្ចព្រមព្រៀងរវាង FIFA និងសមាគមក្លឹបអឺរ៉ុប។