(Khmer) បន្ទាប់ពីផ្ទេរចេញពីក្លិបបឹងកេត ទៅ អាយ អេស អាយ ដង្កោសែនជ័យ លី មីហ្សាន បានបង្ហាញអារម្មណ៍ប្លែក និងទទួលបានបទពិសោធន៍ថ្មីដែលគាត់មិនដែលបានជួបនៅក្លិបចាស់។
និយាយក្នុងបទសម្ភាសន៍ជាមួយ B8 Sport ប្អូនប្រុសរបស់លោក លី រ៉ាវីរូបនេះថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយ ហើយប្លែកខ្លាំងទាំងបរិយាកាសជុំវិញ និង ការហ្វឹកហាត់។ វាជាលើកដំបូងរបស់ខ្ញុំហើយដែលបានប្ដូរក្លិបបែបនេះ។ កាលពីដើមយើងលេងក្នុងក្លិបតែមួយរហូតមក ដល់ទៅប្ដូរអញ្ចឹងវា ម្យ់ាងដែរ! និយាយទៅប្លែក! ប្លែកខ្លាំង»។
«ក្លិបបានកំណត់គោលដៅមួយដែលកីឡាករគ្រប់គ្នាត្រូវតែប្រឹងប្រែងឱ្យដល់គោលដៅរបស់ក្លិប។ នៅទីនេះយើងមានទាំងកីឡាករវ័យក្មេង កីឡាករមានបទពិសោធន៍ មានទាំងកីឡាករមិនសូវមានបទពិសោធន៍ អញ្ចឹងការរំពឹងទុករបស់ខ្ញុំ ក្រុមអាចធ្វើបានល្អ ប៉ុន្តែត្រូវការគ្រប់ភាគីពាក់ព័ន្ធជួយគ្នាទៅវិញទៅមកដែរ»។
ក្នុងឆ្នាំ២០២៣នេះ លី មីហ្សានបានផ្ទេរមកលេងនៅក្លិប អាយ អេស អាយ ដង្កោសែនជ័យជាលើកដំបូង បន្ទាប់ពីចំនាយពេលតាំងពីកកើតក្លិបបឹងកេតនៅឆ្នាំ២០១២។ បទពិសោធន៍របស់កីឡាកររូបនេះនឹងបំពេញបន្ថែមចំណុចខ្វះខាតសម្រាប់ក្រុមថ្មី ថ្មោងក្នុងលីគ អាយ អេស អាយ ដង្កោសែនជ័យឱ្យប្រកួតប្រជែងក្នុង Cambodian Premier League រដូវកាលថ្មីនេះបានពេញមុខ ពេញមាត់៕