(Khmer) ខ្សែបម្រើ Mustafa Zazai របស់ ក្លិបបឹងកេត នៅតែគិតថា ក្រុមនាគខៀវជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានរង្វាន់លីគកំពូលកម្ពុជានៅក្នុងរដូវកាលនេះ។
បឹងកេត ចាប់ផ្តើមរដូវកាលមិនបានល្អឡើយ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ៦ និង តាមរយៈលទ្ធផលឈ្នះ១ និង ចាញ់២ប្រកួត ដោយកាលពីថ្ងៃសៅរ៍នេះ បានរង់បរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៤ទល់នឹង០។
ថ្លែងប្រាប់ Cambodia 2023 Zazai បាននិយាយថា៖«យើងចាប់ផ្តើមយ៉ាងល្អជាមួយនឹងការឈ្នះលើណាហ្គាវើលដ៍។ ខ្ញុំគិតថាការប្រកួតទល់នឹង Tiffy Army យើងមិនគួរចាញ់នោះទេ។ យ៉ាងហោចណាស់ ការស្មើ គឺជាលទ្ធផលដែលសក្តិសម ប៉ុន្តែនេះគឺជាបាល់ទាត់»។
«ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយយើងធ្វើបានល្អណាស់ ហើយគេសមនឹងទទួលជ័យជម្នះ។ យើងត្រូវតែរៀនពីកំហុសរបស់យើង ហើយខ្ញុំប្រាកដថា យើងនឹងធ្វើវាបាន។ ក្នុងការប្រកួតបន្ទាប់ យើងនឹងធ្វើបានល្អជាងនេះ។ យើងមានឱកាសពីរបីដង ក្នុងការរកគ្រាប់បាល់ ប៉ុន្តែយើងធ្វើមិនបានសម្រេច។ យើងមានកីឡាករល្អ និងមានគុណភាពក្នុងក្រុម ដូច្នេះខ្ញុំប្រាកដថា យើងនឹងរកគ្រាប់បាល់បានក្នុងការប្រកួតបន្ទាប់»។
«ខ្ញុំគិតថា វាដូចជាឆាប់ពេក ដែលនិយាយថា ក្រុមណានឹងឈ្នះពាននៅឆ្នាំនេះ។ សម្រាប់ខ្ញុំ ខ្ញុំជឿថា វានឹងក្លាយជារដូវកាលដ៏តានតឹង។ ព្រះខ័នរាជស្វាយរៀង នឹងបាត់បង់ពិន្ទុនៅឆ្នាំនេះ ដូច្នេះខ្ញុំនៅតែជឿជាក់លើក្រុមរបស់ខ្ញុំ។ យើងមានក្រុមខ្លាំងមួយដើម្បីប្រជែងជើងឯក»៕