ads
ads
(Khmer) ឡេង ណូរ៉ាដើមកំណើតចេញពីមណ្ឌលកុមារកំព្រាមានក្ដីសុបិនចង់​លេង​ស៊ីហ្គេម២០២៣
12-September-2022

(Khmer) « ខ្ញុំមានក្ដីស្រមៃថានឹងបានលេងស៊ីហ្គេម2023 នៅកម្ពុជា » នេះគឺជាសម្ដីរបស់​ឡេង ណូរ៉ា មាន​ដើមកំណើត​ចេញពីមណ្ឌលកុមារកំព្រា​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ហើយ​ហើយ​ពេលនេះគឺជាកីឡាករ​របស់​ក្លិប​វិសាខា​។

សម្ដីរបស់​កុមារាកម្ពុជាកាត់ហ្គាណាម្នាក់​នេះត្រូវ​បាន​គេដកស្រង់ពេញបណ្ដាញសង្គមថា៖ « វាជាក្ដីស្រមៃរបស់ខ្ញុំដ៏ធំមួយ ប្រសិនបើបានជាប់ជម្រើសជាតិបានលេងស៊ីហ្គេមនៅទឹកដីកម្ពុជាយើង។ ខ្ញុំបានប្ដេជ្ញាថា នឹងប្រឹងប្រែងលេងឲ្យបានល្អបំផុតនៅក្លិប ដើម្បីឲ្យគ្រូជម្រើស​ជាតិមើលឃើញ ដើម្បីអាចបានជាប់ជម្រើសជាតិក្នុងពេលនោះ»។

កីឡាករ ឡេង​ ណូរ៉ា​ ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ ។ ភាពល្បីរបស់ឡេង​ ណូរ៉ា​ ផ្តើមចេញពីការខិតខំប្រឹងប្រែង លត់ដំជីវិតឱ្យឆ្លងកាត់រសជាតិនៃការតស៊ូដើម្បីមានថ្ងៃនេះសម្រាប់អនាគតខ្លួនឯង និងបានលើកមុខមាត់ប្រទេសជាតិ។

ឡេង​ ណូរ៉ា​ គាត់ជាកូនកំព្រាដែលបានបាត់បង់ឪពុកជាជនជាតិហ្គាណា​តាំងពីគេមានអាយុ៦ឆ្នាំ។ ក្រោយមកយុវជនរូបនេះ​ស្ថិតក្នុងបន្ទុកម្តាយដែលមានកូន៤នាក់​ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នករស់នៅជាមួយឡេង​ ណូរ៉ា​ ក្នុងមណ្ឌលកុមារដូចគ្នាបានត្រេកអរនូវអ្វីដែលឡេង​ ណូរ៉ា​ មានថ្ងៃនេះ ស្មើនឹងលើកកិត្តិយសដល់កុមារកំព្រាទាំងអស់គ្នា ។

នៅក្នុងមណ្ឌលកុមារកំព្រាអង្គការនោះ​ ឡេង ណូរ៉ា​ ទទួលបានការមេីលថែ​ រៀនសូត្រ​ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា​ នាឆ្នាំ​ 2019។ ឡេង ណូរ៉ា​ ឈ្នះពានមួយចំនួននៅទីនោះដូចជា​ ពានជេីងឯកវិទ្យាល័យ, Soccer League, ជេីងឯកយុវជន​ FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែងនៅឆ្នាំ២០២១​ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។

ក្នុងក្រុមជម្រេីសជាតិ​គេជាប់តាំងពីឈុត​ U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនឱ្យក្រុមធំក្នុងជំនួប​តទល់អុីរ៉ាក់​ ប្រចាំវគ្គជម្រុះវើលខាប់។បច្ចុប្បន្ន​ឡេង ណូរ៉ាមានវ័យ​១៧ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម​ U23 បន្ទាប់ពី​ស៊ិន​ សុវណ្ណមករា។ ពេល​នេះរូប​គេ​មានឈ្មោះ​ក្នុងបញ្ជីកីឡាករជម្រើសជាតិកម្ពុជាវ័យក្រោម២០​ឆ្នាំដែលធ្វើដំណើរទៅកាន់​ប្រទេស អ៊ូបេគីស្ថានចូលរួម​ប្រកួតពានរង្វាន់ AFC U20 Asian Cup Qualfiers ​។

ads
ads