ads
ads
(Khmer) ហេតុអ្វីបានជា Kylian Mbappe ជួបជាមួយប្រធានាធិបតីបារាំង?
27-February-2024

(Khmer) ស្របពេលដែលកីឡាករសញ្ជាតិបារាំងដ៏មានមន្តស្នេហ៍ Mbappe ត្រូវចាកចេញពីទីក្រុងប៉ារីស ទៅចូលរួមជាមួយក្លឹប Real Madrid នៅរដូវក្តៅនេះ កាសែតបារាំង Le Parisien បានផ្សាយថា ប្រធានាធិបតីលោកម៉ានូអែល ម៉ាក្រុង ដែលមិនមែនជាមនុស្សចម្លែកក្នុងការឈានជើងចូលក្នុងបញ្ហាក្លឹបParis SG បានអញ្ជើញ Mbappe ទៅកាន់វិមាន Elysee ទីក្រុងប៉ារីសជាមួយប្រធានក្លឹប Al-លោក Khelaifi ប៉ុន្តែ​អ្វីដែលចម្លែកនាពេលនេះគេក៏ឃើញមានវត្តមាន​របស់​អធិរាជ​កាតាគឺលោក Sheikh Tamim bin Hamad Al-Thani ផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់Goal។

ប្រភពដដែលបានអោយដឹងថា លោកម៉ាក្រុង បានរៀបចំអាហារពេលល្ងាចមួយកាលពីថ្ងៃអង្គារដើម្បីជាកិត្តិយសដល់អធិរាជកាតា Sheikh Tamim ខណៈ Mbappe និង Khelaifi ក៏បានអញ្ជើញឱ្យចូលរួមដែរ។ Le Parisien កត់សម្គាល់ថាមិត្តរួមក្រុម PSG ផ្សេងទៀតក៏បានចូលរួមផងដែរ។ វត្តមានរបស់ Sheikh Tamim ត្រូវបានស្នើដោយលោក ម៉ាក្រុង ដើម្បីធ្វើជាអ្នកសម្របសម្រួលចរចាទាក់ទងនឹងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងបន្ត។ ទោះយ៉ាងណាក្តីទាំង Mbappe និង Khelaifi នឹង​មិន​មាន​វត្តមាន​សម្រាប់​កិច្ច​ពិភាក្សា​បែប​នេះ​ទេ ព្រោះ​ពួកគេ​គ្រាន់​តែ​ចូល​រួម​អាហារ​ដែល​រៀបចំ​ដោយប្រធានាធិបតីតែប៉ុណ្ណោះ។

ប្រធានាធិបតីបារាំងកាលពីអតីតកាលតែងតែចេញមុខជាចំហរ រារាំងមិនចង់អោយMbappe ចាកចេញពីក្លឹប Paris ដោយបញ្ជាក់ថាលោកនឹងព្យាយាមនិងជំរុញឱ្យកីឡាករសញ្ជាតិបារាំងរូបនេះចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ ទោះជាយ៉ាងណាក៏ដោយ ការព្យាយាមរបស់លោកនៅពេលនេះ ប្រហែលជាមិនជោគជ័យទេហើយការជួបលើកនេះក៏ទំនងជាការលាគ្នាចុងក្រោយ ខណៈកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពី Parc des Princes បន្ទាប់ពីរយៈពេល ៧ឆ្នាំ ដើម្បីចាប់ផ្តើមការប្រកួតប្រជែងថ្មី។ Mbappe ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើ២៣៨ លានដុល្លារ  ពី PSG ដើម្បីធ្វើដូច្នេះ។

តាមពិតទៅការចូលជួបលោកម៉ាក្រុងកាលពីថ្ងៃអង្គារនឹងមិនមែនជាការបង្ហាញខ្លួនលើកដំបូងរបស់ Mbappe នៅវិមាន Elysee ទីក្រុងប៉ារីសទេ។ Le Parisien កត់សម្គាល់ថាខ្សែប្រយុទ្ធបារាំងបានចូលរួមកិច្ចប្រជុំមួយនៅទីនោះបន្ទាប់ពីការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ របស់ប្រទេសបារាំង ហើយគាត់ថែមទាំងបានជួបជាមួយលោក Macron និង Sheikh Tamim ក្នុងខែកុម្ភៈ ឆ្នាំ ២០១៨បន្ទាប់ពីលោក George Weah ជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសលីបេរីយ៉ា៕

ads
ads