(Khmer) ក្លិបបឹងកេតទើបតែប្រកាសកាលពីប៉ុន្មានថ្ងៃមុនថា កយ សាលីម នឹងទទួលបានអាវលេខ១នៅក្លិបសម្រាប់រដូវកាលថ្មី ស្របពេលអាវលេខ១នេះបានបន្សល់ទុកដោយ ហ៊ុល គឹមហ៊ុយដែលបានចាកចេញទៅកាន់ក្លិបវិសាខា។
ក្នុងនាមជាអ្នកចាំទីដៃទី២នៅបឹងកេតកាលពីរដូវកាលមុនៗ ដំបូងឡើយសាលីម ពាក់អាវលេខ១៣ តែយ៉ាងណា! សម្រាប់ការទទួលបានអាវលេខ១នេះមានន័យថារូបគេអាចនឹងក្លាយជាអ្នកចាំទីដៃទីមួយនៅក្លិបហើយ។ កយ សាលីមបានបង្ហាញចំណាប់អារម្មណ៍តាមរយៈ B8 Sport ថា៖« ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលទទួលបានអាវលេខថ្មីនៅក្លិប ប៉ុន្តែទោះបីជាខ្ញុំទទួលបានអាវលេខប៉ុន្មានក៏វាមិនសំខាន់សម្រាប់ខ្ញុំដែរ សំខាន់ខ្ញុំមានឱកាសបានជួយក្រុមបានច្រើននោះជារឿងសំខាន់។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព»។
«យើងខ្ញុំក៏សង្ឃឹមថាលេខថ្មីតំណាងឱ្យភាពជោគជ័យ ទាំងខ្ញុំ និងក្លិបអញ្ចឹងណាបង!។ ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ខ្លួនឯង ដែលខំប្រឹងហាត់កន្លងមក ហើយក៏អរគុណដល់លោកគ្រូនិងរៀមច្បងដែលលេងនៅបឹងកេតនេះយូរហើយ។ ពួកគាត់តែងតែទូន្មានខ្ញុំ ពិសេសការបង្រៀនបន្ថែម និងយកចិត្តទុកដាក់ជាមួយខ្ញុំ»។
គិតត្រឹមឆ្នាំ២០២៣នេះបឹងកេតមានអ្នកចាំទី៣នាក់ហើយដូចជា៖ កយ សាលីម, ស៊ូ សុវណ្ណនាថ, និង ថា ច័ន្ទឬទ្ធី។