ads
ads
(Khmer) តែតចូលមួយគ្រាប់យប់មិញ! កុក បុរីស ក្លាយជាកីឡាករកម្ពុជារកបានគ្រាប់បាល់ច្រើនជាងគេលើទឹកដីម៉ាឡេស៊ី
07-May-2022

(Khmer) បន្ទាប់ពីជួយភ្នំពេញក្រោនគ្រងជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ កីឡាករ កុក បុរីស ត្រូវបានក្លិបចំណូលថ្មីនៃលីគកំពូលម៉ាឡេស៊ី Sarawak United ចុះកិច្ចសន្យានាំមកចូលរួមក្រុមមកកាន់ទឹកដីម៉ាឡេស៊ីពីកម្ពុជា ជាមួយលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ពីម្ចាស់ជើងឯក ៧សម័យកាលរបស់កម្ពុជា នៅដើមរដូវកាលឆ្នាំ២០២២នេះ។

ចាប់តាំងពីចាកចេញពីភ្នំពេញក្រោនមកកាន់ទឹកដីម៉ាឡេស៊ី ខ្សែបម្រើការពារ កុក បុរីស បានទទួលទំនុកចិត្តយ៉ាងខ្លាំង ពីអតីតគ្រូបង្គោលជម្រើសជាតិម៉ាឡេស៊ីលោក Bhaskran R Satiananthan ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Sarawak United ។ ស្ទើរតែគ្រប់ការប្រកួតទាំងអស់របស់ក្រុម បុរីស តែងតែជាប់ជម្រើសដំបូង ដោយក្នុងចំណោម ៨ប្រកួតផ្លូវការគ្រប់ពានរង្វាន់ក្នុងស្រុក ដែលនៅដើមរដូវកាលនេះ រូបគេបង្ហាញខ្លួនបាន៧ប្រកួត អវត្តមានតែ១ប្រកួត (វិជ្ជមានកូវីដ១៩) និងរកបានរហូតដល់ ៤គ្រាប់ច្រើនជាងគេក្នុ្ងងនាមជាកីឡាករកម្ពុជាប្រកបអាជីពនៅទឹកដីម៉ាឡេស៊ីមួយរយៈចុងក្រោយនេះ។

ប៉ុន្មានរដូវកាលកន្លងទៅ មានវត្តមានកីឡាករកម្ពុជាចំនួន ០៥រូបដែលទៅស្វែងរកការប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ីដែលមានដូចជា កីឡាករ ចាន់ វឌ្ឍនាកា កែវ សុខផេង ប្រាក់ មុន្នីឧត្ដម ធារី ចន្ថាប៊ីន និងចុងក្រោយគឺកីឡាករ កុក បូរីស។ ហើយក្នុងនោះខ្សែបម្រើការពារ កុក បុរីស រកបានគ្រាប់បាល់ច្រើនជាងគេ ដោយលេងត្រឹម ៧ប្រកួតឲ្យ Sarawak United រកបាន ៤គ្រាប់ ,ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបាន៣គ្រាប់ ពីការលេង ២៥ប្រកួតសម្រាប់ Pahang FA & PKNS , ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន រកបាន ២គ្រាប់ ពីការលេង ៥៨ប្រកួត សម្រាប់ Terenganu FA & Perak FC ,ខ្សែប្រយុទ្ធ កែវ សុខផេង រកបាន ១គ្រាប់ ពីការលេង៤ប្រកួតឲ្យ PKNP និងខ្សែប្រយុទ្ធប្រាក់ មុន្នីឧត្ដម លេងបាន ៥ប្រកួត ឲ្យ Negeri Sembilan តែមិនអាចរកគ្រាប់បាល់នៅទឹកដីម៉ាឡេស៊ីឡើយ។

បញ្ជាក់សម្រាប់ប្រកួតពីយប់មិញ ដែលជាការប្រកួតដែលធ្វើឲ្យកីឡាករ កុក បុរីស អាចរកគ្រាប់បាល់ច្រើនជាងគេនៅម៉ាឡេស៊ីនេះ គឺជាការប្រកួតសប្ដាហ៍ទី៧ នៃក្របខណ្ឌ Liga Super Malaysian ដោយក្នុងនោះក្រុមរបស់គេ Sarawak United បានចាញ់ Negeri Sembilan លទ្ធផល ១-២ ក្នុងដីខ្លួនឯងយ៉ាងគួរឲ្យសោកស្ដាយ៕

ads
ads