ads
(Khmer) Klopp សន្យាជប់លៀងជាមួយកីឡាករ Liverpool បើ Man City ចាញ់ក្តី
16-January-2025

(Khmer) លោក Jurgen Klopp បានសន្យាថានឹងរៀបចំពិធីជប់លៀងសម្រាប់អតីតមិត្តរួមក្រុម Liverpool របស់រូបលោកទាំងអស់ ប្រសិនបើពានរង្វាន់របស់ Manchester City ចំនួន ២ ត្រូវបានដកហូត។ លោក Jurgen Klopp កំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនៃការតស៊ូផ្លូវច្បាប់របស់ Man City ដើម្បីបង្ហាញថាខ្លួនគ្មានកំហុសពីបទចោទប្រកាន់រំលោភលើបទប្បញ្ញត្តិផ្នែកហិរញ្ញវត្ថុចំនួន ១១៥ ករណីដែលកំពុងបើកសវនាការ។

សាលក្រមលើសំណុំរឿង FFP របស់ Man City ត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនៅ មុនចុងបញ្ចប់នៃរដូវកាល ២០២៥-២៦។ ក្លិបមេឃខៀវ Manchester City អាច​នឹង​ត្រូវ​ដក​យកពាន Premier League ចំនួន ២ ត្រឡប់មកវិញ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស​។ នោះមានន័យថា Liverpool អាចទទួលបានពានរង្វាន់រដូវកាល ២០១៧-១៨ និង ២០២១-២២ ខណៈដែលពួកគេបានបញ្ចប់ក្នុងនាមជាជើងឯករង។

ស្របពេលដែលសំណុំរឿងកំពុងដំណើរការ លោក Klopp បានសន្យាថានឹងរៀបចំពិធីជប់លៀងដ៏ធំមួយជាមួយកីឡាករក្លិប Liverpool ប្រសិនបើរឿងនោះកើតឡើងមែន។ លោកបានអះអាងថា ខ្ញុំបានពិភាក្សាគ្នារួចហេីយ នៅពេលខ្ញុំចាកចេញ។ លោកបន្តថា ប្រសិនបើវានឹងកើតឡើង ខ្ញុំបានប្រាប់មនុស្សទាំងអស់ដែលចង់មកថា គ្រាន់តែកក់ជើងហោះហើរទៅកាន់ទីក្រុង Mallorca ខ្ញុំនឹងទិញស្រាបៀរជប់លៀងពួកគេ។ ពួកយើងនឹងមានក្បួនដង្ហែរផ្ទាល់ខ្លួននៅក្នុងសួនរបស់ខ្ញុំ៕

 

ads