(Khmer) ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនក្នុងលទ្ធផល៣ទល់១នៅកីឡដ្ឋាន Smart RSN ក្នុងពានរង្វាន់ Cambodian Premier League 2022 សប្ដាហ៍ទី២ ខណៈខ្សែបម្រើវ័យក្មេង គឹម សុខយុទ្ធបានបង្ហាញគំនិតរបស់ខ្លួនអំពីការស៊ុតគ្រាប់បាល់ដ៏អស្ចារ្យពីក្រៅប្រអប់គ្រោះថ្នាក់កាលពីម្សិលមិញ។
ឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានរបស់ B8 Sport សុខយុទ្ធថ្លែងបែបនេះ៖«រំភើបហើយសប្បាយចិត្តដែលបានទាត់ចូលហើយយកឈ្នះក្រុមការពារតំណែងជើងឯកទៀតផង ព្រោះតែពួកគេ(ភ្នំពេញក្រោន)ជាក្រុមខ្លាំង»។
«សប្បាយចិត្តពេក! មិននឹកស្មានថាខ្លួនឯងអាចស៊ុតចូល! គ្រូគាត់តែងតែប្រាប់ថា បាល់លើដំបូលទូកឱ្យឧស្សាហ៍ទាត់ កុំទុកយូរពេក…គាត់ឱ្យទាត់ទៅ។អ្វីដែលសំខាន់យើងបានឈ្នះក្រុមខ្លាំងដែលជាក្រុមជើងឯកឆ្នាំមុន!សប្បាយចិត្តខ្លាំង រកពាក្យអ្វីនិយាយមិនបាន…»។
លើសពីនេះ! ខ្សែបម្រើវ័យក្មេងដែលចាប់ដៃគូជាមួយខ្សែបម្រើឆ្នើម មិន រតនៈបានបង្ហាញអំពីកកម្រិតនៃការសហការគ្នាក្នុងក្រុមទាំងមូលផងដែរ។
«ចំពោះការយល់ចិត្តគ្នាវិញ! ការប្រកួតទីមួយមិនសូវល្អប៉ុន្មានទេដោយសារប្រកួតដំបូងសម្រាប់យើង។ ប្រកួតទី២នេះយើងយល់ចិត្តគ្នាបានបណ្ដើៗហើយ ខណៈថាពីមុន(ប្រកួតមុន)បាន៥០% ប្រកួតនេះយើងបាន៧០ទៅ៨០%ហើយ។ ប្រកួតទី២នេះយើងបានកែតម្រូវចំណុចខ្វះខាតនៅក្នុងការប្រកួតទីមួយ ហើយប្រកួតក្រោយយើងបាន១០០%ហើយ”។
“ចំពោះការរលេងជាក្រុមយើងធ្វើបានល្អ ព្រោះយើងលេងលើទីលានជ្រោមជ្រែងគ្នាទៅវិញទៅមក ពិសេសយើងលេងក្នុងជំហរកៀកជិតគ្នា។ ពេលដែលយើងគ្រប់គ្រងបាល់ យើងសង់តង់គ្នា។ គិតមកដល់ពេលនេះ Team Work របស់យើងអាចមានពី៧០ទៅ៨០ភាគរយហើយ”។
៣គ្រាប់របស់ក្រុមមានមូលដ្ឋានមកពីខេត្តស្វាយរៀងរកបានដោយកីឡាករ ឡុង ភារ៉ាត់នាទីទី៥ សារ៉េត គ្រីយ៉ានាទី២៧និងខ្សែបម្រើវ័យក្មេង គឹម សុខយុទ្ធនៅនាទី៣៣។ មួយគ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករ Fareed Sadat នៅនាទី១១៕