(Khmer) អគ្គលេខាធិការក្លិបបាល់ទាត់កងយោធិពលខេមរៈភូមិន្ទលោក ខូវ ឆាយបានផុសក្នុងបណ្ដាញសង្គមហ្វេសបុករបស់លោក ថាសូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅបើលីគកម្ពុជាមិនសូវមានអ្នកទិញសំបុត្រទៅទស្សនាផងនោះ។
ការប្រកួតបើកឆាកនៃលីកកំពូលកម្ពុជា ក៏ដូចជាការប្រកួតក្នុងលីគទី២រវាងក្រុមខ្លាំងទាំង៤នៅថ្ងៃទី០៦ខែមិនា បុរសជោគជាំនិងវិស៍យបាល់ទាត់កម្ពុជារូបនេះបាននិយាយថា មានអ្នកចូលរួមទស្សនាផ្ទាល់នៅទីលាន Tiffy Army Stadium និង Cambodia Airway Stadium ប្រហែលជាង500នាក់ដូចគ្នា។ នេះហើយជាសន្ទុះនៃការគាំទ្របាល់ទាត់លីគកម្ពុជា បើធៀបនឹងអ្នកគាំទ្រលីគវៀតណាមដែលមានអ្នកគាំទ្រជាមធ្យម10,000នាក់រាល់ការប្រកួត។
«សូមត្រៀមទឹកភ្នែកសំរាប់លទ្ធផលស៊ីហ្គេម2023ដែលយើងធ្វើម្ចាស់ផ្ទះអោយហើយទៅ យើងគ្មានថ្ងៃលេងឈ្នះវៀតណាម រឺ ថៃទេបើលីគយើងនៅតែបែបនេះ ហើយសូមកុំបន្ទោសប្រធានសហព័ន្ធ កុំបន្ទោសគ្រូជំរើសជាតិ កុំបន្ទោសកីឡាករ កុំបន្ទោសប្រធានក្លឹបទាំងអស់ យើងបានធ្វើអស់ហើយ ម្នាក់ៗចំណាយពី50ម៉ឺនទៅដល់រាប់លានដុល្លាក្នុង1ឆ្នាំដើម្បីអភិវឌ្ឍន៍បាល់ទាត់ខ្មែរ»។
លោកបន្តថា៖«បងប្អូនអ្នកគាំទ្រគួរសួរខ្លួនឯងវិញថាបានធ្វើអ្វីខ្លះដើម្បីបាល់ទាត់ជាតិយើង? បើសំបុត្រទស្សនាផ្ទាល់តែ5,000ទៅ10,000រៀលមិនហ៊ានចំណាយផង តើក្លឹបនិមួយៗមានថវិកាមកពីណាមកអភិវខ្ឍន៍កីឡាករដើម្បីជំរើសជាតិឈ្នះស៊ីហ្គេម2023»។
ដោយឡែក! សម្រាប់លោក Keisuke Honda ក៏បង្ហាញភាពភ្ញាក់ផ្អើលផងដែរអំពីអ្នកគាំទ្រមកទស្សនាក្នុងការប្រកួតបាល់ទាត់កម្រិតពានក្នុងស្រុកដែលមិនសូវមានមកចូលរួមបើធៀបជាមួយការប្រកួតរបស់ក្រុមជម្រើសជាតិគ្រប់កម្រិត។ លោកបានទៅចូលរួមក្នុងការប្រកួតពាន Cambodian Super Cup រវាងវិសាខានិងក្រោន និងការប្រកួតក្នុងលីគនានានៃសប្ដាហ៍ទីមួយនេះផងដែរ៕