(Khmer) រយៈពេល៣ ៤ ថ្ងៃចុងក្រោយនេះប្រធានបទបាល់ទាត់ជម្រើសជាតិបានចាប់ផ្ដើមផ្ទុះឡើងវិញ ស្របពេលក្រុមគោព្រៃកម្ពុជាត្រូវមានភារកិច្ចលេងក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Cup 2022 រួមទាំងការប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី។
ទេ! រឿងនេះផ្ទុះមិនដល់កម្រិតទេ តែការជ្រើសរើសកីឡាករជម្រើសជាតិឯណោះវិញទេ ដែលបានក្លាយជាប្រធានបទវែកញែកខ្លាំងបំផុតក្នុងមជ្ឈដ្ឋានអ្នកគាំទ្របាល់ទាត់កម្ពុជា។ ក្នុងបញ្ជីកីឡាករ២៣នាក់ដែលក្រុមការងារជម្រើសជាតិកម្ពុជាបានធ្វើការតាមដានសឹងតែពេញមួយរដូវកាលនៃលីគដែលទើបបញ្ចប់កាលពីថ្មីៗនេះ។
ហើយអ្វីដែលគេចាប់អារម្មណ៍ ក្នុងបញ្ជីកីឡាករ២៣នាក់គ្មានឈ្មោះអ្នកចាំទី សាវែង សំណាងដែលជួយភ្នំពេញក្រោនលើកពាន Cambodian Premier League រដូវកាល២០២២ ហើយក្នុងពិធី CPL Football Award រូបគេក៏ជាប់ជាអ្នកចាំទីល្អបំផុតប្រចាំរដូវកាលនេះផងដែរ។ ចុះបើល្អអញ្ចឹងហើយ ហេតុអ្វីក្រុមការងារជម្រើសជាតិ ឬលោក Honda មិនធ្វើការកោះហៅកីឡាកររូបនេះ?
តបលើស្ថានការណ៍នេះ អ្នកជំនាញបាល់ទាត់ខ្មែរម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះ មានបទពិសោធន៍ក្រាស់ក្រែលទាំងក្នុងនាមជាគ្រូបង្វឹកក្លិប និងក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញចំណុចមួយចំនួនដូចតទៅ៖
លោកបាននិយាយឆ្លើយឆ្លងជាមួយ B8 Sport ថា៖ «គាត់មិនជាប់ជម្រើសជាតិពេលនេះ មិនមែនមានន័យថា គាត់បន្តមិនជាប់នៅ ពេលក្រោយនោះទេ។ កីឡាករមានលក្ខខណៈពិសេសរៀងៗខ្លួន ហើយសំណាងក៏មានលក្ខខណៈពិសេសដូចគ្នាដែរ។ ចំណុចល្អរបស់គាត់គឺការសង្គ្រោះបាល់ ការ Reflex ទៅលើបាល់នៅពេលដែលគូប្រកួតទាត់តម្រង់ទី។ រដូវកាលនេះខ្ញុំទស្សនាការប្រកួតរបស់គាត់ គាត់ពិតជាល្អ តែចំណុចខ្វះខាតតែងតែមាន»។
«បើយើងនិយាយពីក្រុមជម្រើសជាតិ គេនិយាយពីការប្រកួតបែបអន្តរជាតិ បែប International គេមិននិយាយពីការប្រកួតបែប Local Games នោះទេ។ សំណាង ខ្វះបទពិសោធន៍ត្រង់ចំណុចការបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិ។ គាត់ធ្លាប់ជាប់ជម្រើសជាតិក្នុងឈុត U នាពេលកន្លងមក ប៉ុន្តែមិនសូវមានឱកាសលេងទេ។ ការប្រកួតពានរង្វាន់ AFC Cup 2022 វគ្គជម្រុះក្នុងពូលនាពេលកន្លងមកក៏គាត់មិនបានលេងដែរ ដោយគង់ ចាន់វុទ្ធីរ៉ាប់រងទាំងបីប្រកួត។ ខ្ញុំមិនដឹងថាគាត់របួសឬយ៉ាងណា»។
« បើធៀបទៅអ្នកចាំទីដទៃទៀត នេះគឺជាមូលហេតុមួយ។ លក្ខខណៈបច្ចេកទេសលេងមួយចំនួនទៀតដូចជា ការប្រើប្រាស់ជើងដើម្បីលេងពីក្រោម ការដើរតួជាខ្សែការពារចុងក្រោយ ការផ្ដាច់បាល់ចេញពេលគ្រោះថ្នាក់។ បញ្ហាមួយចំនួនទៀតក៏គាត់ត្រូវពង្រឹងបន្ថែម ការទំនាក់ទំនងក្នុងក្រុម ការទទួលព័ត៏មាន…។ រឿងដែលមិនអាចខ្វះបានគឺកាយសម្បទាហ្នឹងឯង។ ក្រេឌីតអ្នកចាំទីគឺមានកម្ពស់ជាផលចំណេញមួយ។ បើធៀបទៅនឹងអ្នកចាំទីដទៃទៀត សំណាងអាចនិយាយបានថាតូចជាងគេ ហើយមិនអាចប្រើប្រាស់អំណាចនៃរាងកាយរបស់គាត់ក្នុងការប្រកួត»។
រូបថត៖ ភ្នំពេញក្រោន