(Khmer) កីឡាករ Mohamed khan ប្រកាសចាកចេញពីប្រទេសកម្ពុជា ក្រោយពេលកុងត្រារបស់កាត់បានផុតកំណត់ជាមួយក្លិបវិសាខា នេះបើតាមការបញ្ជាក់របស់កីឡាករផ្ទាល់ក្នុងគណនីហ្វេសបុកផ្ទាល់កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២២ ម្សិលមិញ។
ខ្សែការពាររកបានគ្រាប់បាល់ឱ្យវិសាខាក្នុងពានរង្វាន់ AFC Cup 2022 ទល់និងក្លិប KL City រូបនេះបានសរសេរថា៖«ជំរាបសួរ! បងប្អូនជាច្រើនបានសួរសំនួរមកខ្ញុំថា ពេលណាត្រលប់មកវិញ ដូច្នេះសូមជម្រៀបជូនបងប្អូនទាំងអស់គ្នាថា ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ព្រោះកុងត្រារបស់ខ្ញុំនឹងផុតកំណត់ ។ វាមានរយៈពេល 4 ឆ្នាំហើយនៅប្រទេសកម្ពុជាដ៏ស្រស់ស្អាតហើយខ្ញុំនឹងចេញដំណើរពីទីនេះ។
កីឡាកររូបនេះបានបន្តថា៖ ខ្ញុំសោកស្ដាយដែលខ្ញុំនឹងចាកចេញ ហើយសង្ឃឹមថានឹងត្រលប់ទៅលីគវិញនៅពេលអនាគត។ អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានដំណើររបស់ខ្ញុំ និងបានគាំទ្រខ្ញុំរហូតមក…♥️»។
គិតមកដល់ពេលនេះ ខាងភាគីក្លិបមិនទាន់បានប្រកាសពីការចាកចេញនៅឡើយទេ។ ខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៩ ដោយចូលរួមជាមួយក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC) មុននឹងផ្ទេរទៅកាន់វិសាខា នៅឆ្នាំ២០២០។
Faeez បច្ចុប្បន្នមានវ័យ២៩ឆ្នាំ បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងនៅប្រទេសកំណើតរបស់គាត់ (អាហ្រ្វិកខាងត្បូង) ជាមួយក្លិប Milano United, Tshakhuma Tsha Madzivhandila ដែលស្ថិតនៅលីគលំដាប់ទី២។ លុះដល់ឆ្នាំ២០១៩ Mohammed Faeez Khan បានផ្លាស់ទៅចូលរួមជាមួយក្រុមនៅលីគទី៤ របស់ប្រទេសថៃ Phatthalung FC មុនផ្លាស់មកកាន់ក្រសួងការពារជាតិ នៅឆ្នាំដដែល៕