(Khmer) ក្លិបបាល់ទាត់ណាហ្គាវើលដ៏និងក្លិបអាយអេសអាយ ដង្កោសែនជ័យនឹងបើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួនទទួលស្វាគមក្រុមគូប្រជែងក្នុងលីគរៀងខ្លួនបន្ទាប់ថ្ងៃសម្រាក FIFA DAY មួយខែកន្លងមក។
ជាការចង់ចាំមួយ កីឡដ្ឋានខេត្តកំពង់ស្ពឺដែលទើបសាងសង់រួច បានក្លាយជាផ្ទះថ្មីបំផុតរបស់ក្លិបណាហ្គាវើលដ៏ក្រោយលេងដោយគ្មានផ្ទះផ្ទាល់ខ្លួនរយៈពេលជាង២០ឆ្នាំ។នៅកីឡដ្ឋាននេះ ពួកគេនឹងបើកទទួលក្រុមគិរីវង់សុខសែនជ័យក្នុងការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល២០២២ សប្ដាហ៍ទី១៨។
កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលបានចំណាយថវិកាកសាងអស់ជាង ៤ លានដុល្លារ ជាមួយគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺនោះ ត្រូវបានដាក់សម្ពោធឱ្យប្រាស់ប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
សំណង់អគាររបស់កីឡដ្ឋានខេត្តកំពង់ស្ពឺ អាចផ្ទុកអ្នកទស្សនាបានចំនួន៣ពាន់នាក់ មានទំហំ ៨ ៨៤៨ ម៉ែត្រការ៉េ កម្ពស់៣ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២) ហើយរាល់ការចំណាយគ្រប់បែបយ៉ាង ទៅលើការសាងសង់កីឡដ្ឋាននេះ អស់ថវិកាសរុបចំនួន ១ ៧០០ ០៧៨ ៣០០ រៀល ស្មើនឹង ៤ ២៥០ ៦៩៥ ដុល្លារអាមេរិក។
ក្លិបមួយទៀតដែលបានក្លាយជាក្លិបអាជីពបន្តិចម្ដងៗគឺ អាយអេសអាយ ដង្កោសែនជ័យក៏នឹងបើកកីឡដ្ឋានថ្មីរបស់ខ្លួនឈ្មោះថា កីឡដ្ឋាន អេ.អាយ.អេ ខេអឹមអេច ផាក សម្រាប់ការប្រកួតក្នុងពានរង្វាន់ Cambodian League 2 ផងដែរ។ ពួកគេនឹងទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្នុងសប្ដាហ៍ទី១៨ដូចគ្នា។
កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន CPL បានរៀបចំការចុះត្រួតពិនិត្យស្មៅនៅកីឡដ្ឋាន អេ.អាយ.អេ ខេអឹមអេច ផាក ដោយមានការចូលរួម របស់លោក Shoji Ikeda ដែលជាអ្នកជំនាញលើការថែទាំស្មៅ អញ្ចើញមកពីប្រទេសជប៉ុន។ នាយកប្រតិបត្តិរបស់ CPL លោក Satoshi Saito បានអោយដឹងដែរថា លោក Shoji Ikeda គាត់បានធ្វើទីលានស្មៅសម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ JFA និងកីឡដ្ឋាន J.League ជាច្រើនផ្សេងទៀត។
កីឡដ្ឋាន អេ.អាយ.អេ ខេអឹមអេច ផាក គឺជាសំណង់ផ្នែកកីឡាបាល់ទាត់មួយទៀតដែលទើបប្រសូត្រឡើងក្នុងឆ្នាំ២០២២នេះ ដែលជាការធ្វើបច្ចុប្បន្នភាពពីកីឡដ្ឋាន ខេអឹមអេច ផាក ចាស់លើផ្ទៃដីដដែល។យើងមិនទាន់ដឹងថាកីឡដ្ឋានមានមូលដ្ឋានក្បែរផ្លូវវ៉េង ស្រេងក្នុងខ័ណ្ឌដង្កោមួយនេះចំណាយសាងសង់អស់ប៉ុន្មាននៅឡើយទេ។