(Khmer) ភ្នំពេញក្រោនទើបតែប្រកាសចុះកុងត្រាខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Jelle Goselink កាលពីថ្ងៃមិញ ដើម្បីមកបន្ថែមគ្រាប់បាល់ក្នុងការប្រកួត Cambodian Premier League League ជើងទី២ នេះតទៅ និងការប្រកួតពានរង្វាន់ AFC Cup 2023/24។
អញ្ចឹងក៏ដោយ! Jelle មិនមែនជាកីឡាករហូឡង់ដំបូងដែលលេងជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា៨ សម័យកាលមួយនេះទេ។ កន្លងមក មានកីឡាករហូឡង់២រូបបានមកលេងនៅក្លិបមួយនេះ តែហាក់មិនសូវជោគជ័យនោះទេ។
ទីមួយ៖ Elroy van der Hooft ៖បានមកដល់ទឹកដីកម្ពុជានៅឆ្នាំ២០១៣ ដោយចុះកុងត្រាលេងឱ្យក្រុមភ្នំពេញក្រោនក្នុងរដូវកាលនោះតែម្ដង។ រូបគេបង្ហាញគុណផលលេងល្អក្នុងការប្រកួតមួយចំនួន ពិសេសក្នុងការប្រកួតជាមួយគិរីវង់ដែលរូបគេរកបាន៣គ្រាប់ក្នុងការប្រកួតនោះឱ្យភ្នំពេញក្រោនឈ្នះ ៣-១។ ឆ្នាំ២០១៣ ជាមួយភ្នំពេញក្រោនរូបគេរកបាន១២គ្រាប់។
ក្នុងរដូវកាលនោះផងដែរ រូបគេត្រូវបានចាត់ទុកជាកីឡាករបរទេសដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេក្នុងលីគ។ ចូលឆ្នាំ២០១៤ ជើងទី២ រូបគេបានផ្ទេរមកលេងនៅបឹងកេតបានមួយរដូវកាលហើយក៏ចាកចេញទៅ។
កីឡាករអឺរ៉ុបម្នាក់នេះ ធ្លាប់ហាត់នៅថ្នាលក្លិប លីកកំពូលហុល្លង់ Ajax ចំនួន ៦ ឆ្នាំ មុនទៅលេងនៅក្លិប ADO Den Haag, RKC Waalwijk និង VV UDO។ ក្រោយមកទៀតគេបានប្តូរទៅលេង នៅក្លិប FC Chania ប្រទេសក្រិក មុនចុះកុងត្រានៅក្លិប Persekap Pasuruan ឥណ្ឌូណេស៊ី តែត្រូវលុបចោលទៅវិញ និងចុងក្រោយបង្ហាញខ្លួនឲ្យភ្នំពេញក្រោន នៅពាក់កណ្ដាលរដូវកាល ២០១៣។
ទីពីរ៖ Koen Bosma ៖ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់បានចូលរួមជាមួយក្លិបភ្នំពេញក្រោនកាលពីខែសីហា ២០១៤ ហើយស៊ុតបញ្ចូលទីពេលលេងជាមួយក្លិប Becamex Binh Duong នៅក្នុងកម្មវិធី Toyota Mekong Cup ។
រូបគេបានមកធ្វើតេស្តិ៍ជាមួយ ក្រោនដោយស៊ុតបញ្ចូលទីប៉ុន្មានគ្រាប់ផងដែរ។ ប៉ុន្តែបានចាកចេញពីក្លិបទៅចូលរួមជាមួយ Song Lam Nghe នៅវៀតណាម បន្ទាប់មកផ្លាស់ទៅក្រុម Sydney United នៅ National Premier League នៃ New South Wales ប្រទេសអូស្រ្តាលី។
សម្រាប់ Jelle Goselink រូបគេជាអតីតខ្សែប្រយុទ្ធរបស់ក្លិបឥណ្ឌូណេស៊ី Borneo Samarinda ហើយធ្លាប់លេងនៅក្លិប Jong Almere City, Almere City និង Helmond Sport ដែលលេងក្នុងលីគទី២របស់ហូឡង់។