ads
ads
(Khmer) ម្ចាស់​ក្លិប អាយ អេស អាយ ដង្កោសែនជ័យ​បង្ហាញមូលហេតុអ្នកគាំទ្រភ្លូកទឹកភ្លូកដី​ទៅទស្សនាការ​ប្រកួតក្នុងកីឡដ្ឋានថ្មី
14-November-2022

(Khmer) ប្រធានក្លិប អាយ អេស អាយដង្កោសែនជ័យ លោក កាំង សេន បាន​បង្ហាញមូលហេតុអ្នកគាំទ្រភ្លូកទឹកភ្លូកដី​ទៅទស្សនាការ​ប្រកួតក្នុងកីឡដ្ឋាន AIA Stadium, KMH Park ថ្មី​កាល​ពី​រដូវ​កាល​២០២២​ក្នុង​លីគទី២​កន្លងទៅ ត្បិត​តែ​កីឡដ្ឋាន​មួយនេះចាប់​ផ្ដើមបដិសន្ធិចុងក្រោយ​គេ​ក៏ដោយ។

ប្រធានក្លិបរូបនេះបាន​ផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៏មាន B8-Sport.net ថា៖ «សម្រាប់​អ្នក​គាំទ្រដែល​ចូល​មើល យើង​មិនរំពឹង​បែប​នេះទេ។ កីឡដ្ឋាន​យើងសាងសង់ដែលមានកៅអី៣០០០នាក់​នេះ គឺសម្រាប់តែ​រដូវ​កាល​ក្រោយទេ»។

លោក​បន្ត​ថា៖ «យើងរំពឹង​ថា​មាន​អ្នក​មើលត្រឹម​តែ១៥០០នាក់​ឬជាងពាក់កណ្ដាល តែ​ការ​ប្រកួតក្នុងកីឡដ្ឋាន​បើកឱ្យ​ចូលដំបូង​និង​ការ​ប្រកួតចុងក្រោយចុងក្រោយ ​មាន​អ្នក​មកមើល​ពេញ អញ្ចឹងហើយ​យើងដុតដៃដុត​ជើងបន្ថែម​ទៀត ដោយ​សារ​យើងដឹង​ថា​យើងមាន​ទីតាំង​ដែលមាន​សក្ដានុពល ងាយស្រួលពួកគាត់​ធ្វើ​ដំណើរ​មក​មើល»។

ប្រធាន​ក្លិប​រូប​នេះបន្ត​ទៀត​ថា៖ «យើង​មាន​ទីលាន​ស្រស់​ស្អាត ពួកគាត់ចូល​មក​គាត់​អាច​អង្គុយមើលប្រកបដោយផាសុខភាព កន្លែងអង្គុយទំនើប បន្ទប់ទឹក​ស្អាត និង​មាន​សុវត្ថិភាពក្នុង​ការ​ចេញចូល។ ភាពទាក់ទាញ​នៃការ​ប្រកួតជាផ្នែកមួយ ទោះយើងមិន​ទាន់លេង​ប៉ះក្រុមខ្លាំងៗក្នុងលីគកំពូល ​តែ​យើង​លេង​ប្រកប​ដោយភាពទាក់ទាញ ក្នុងតំបន់​របស់​យើង​ដែល​មិន​មានពីមុន ហើយពេលយើង​លេង​ក្នុង​លីគកំពូល​យើង​នឹង​កាន់​តែទាក់ទាញថែមទៀត និង​ស្រូប​យកអ្នកគាំទ្របន្ថែមទៀត»។

«នេះជាកត្តាបីដែល​យើង​បាន​ដឹង​ដែលធ្វើឱ្យអ្នកគាំទ្រ​មក ហើយ​ក្រៅពី​កត្តាខាងលើ​ មាន​រឿងបន្ទាប់បន្សំថែមទៀតគឺសេវាកម្មនៃការទទួលភ្ញៀវជាដើម ការ​ចូល​មក​មានសេវាកម្មល្អ បទពិសោធន៍នៃការលក់ ទិញសំបុត្រ ចែកចាយសំបុត្រ ការ​តម្រង់ជួរចូល ការ​រៀបចំឱ្យមានភាពងាយស្រួលក្នុងការ​ចូល ពិសេស​មាន​ម្ហូប មាន​ទឹក​ដែល​ងាយស្រួលទិញ​នៅ​បរិវេណទីលាន និង​ក្នុងទីលាន​ដែលងាយស្រួកឱ្យពួកគាត់ងាយស្រស់ស្រូបអាហារ»។

កីឡដ្ឋាន AIA Stadium, KMH Park ទើប​តែ​បើក​ឱ្យ​អ្នកគាំទ្រ​ចូលទស្សនា​ចុង​រដូវ​កាល​២០២២ ក្នុង​លីគទី២​កម្ពុជា ខណៈ​ការ​ប្រកួតចុងក្រោយ​ប៉ះជាមួយក្រុមនគរបាលជាតិ​មាន​អ្នក​ទស្សនា៣០៥៨​នាក់​ដែលជាចំនួនច្រើនជាងគេលំដាប់ទី២ ខណៈជំនួបអាយ អេស អាយ ដង្កោសែនជ័យប៉ះសាលាបាល់ទាត់​ជាតិបាទី​មាន​អ្នកទស្សនាច្រើនជាងគេបំផុត​គឺដល់ទៅ ៣២៩៦នាក់។ 

រូបភាព៖ ISI Dangkor Senchey FC

ads
ads