ads
ads
(Khmer) ឥណ្ឌូណេស៊ីដាក់សំណើរផ្លូវការធ្វើជាម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣
29-June-2022

(Khmer) លោក Zainudin Amali រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី (Menpora) បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានដាក់ពាក្យស្នើសុំជាផ្លូវការទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីដេញថ្លៃសិទ្ធិធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣។ ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2023 ត្រូវបានបើកសម្រាប់សមាជិកទាំងអស់នៃសមាគមដើម្បីជំនួសប្រទេសចិនដែលបានដកខ្លួនដោយសារតែការកើនឡើងនៃករណី COVID-19 ។


ចេតនារបស់សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ដើម្បីធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ 2023 ក៏មានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌូនេស៊ី រួមទាំងក្រសួងយុវជន និងកីឡាផងដែរ។ មានការស្នើសុំពី PSSI ដើម្បីធ្វើម្ចាស់ផ្ទះ Asian Cup រដ្ឋាភិបាលបានយល់ព្រម និងស្វាគមន៍ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះពានប្រចាំទ្វីបមួយនេះ។

លោក Zainudin Amali រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ CNN Indonesia ថា៖ «លទ្ធផលនឹងត្រូវបានគេមើលឃើញនៅពេលក្រោយ ដោយសារតែប្រទេសកូរ៉េ ជប៉ុន និងអូស្ត្រាលីក៏មានចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះផងដែរ។ យើងគាំទ្រ PSSI ប្រសិនបើពួកគេចង់ធ្វើជាម្ចាស់ផ្ទះ»

ក្នុងនោះផងដែរប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានដឹងអំពីផែនការធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣ និងបានអនុញ្ញាតឱ្យ PSSI ធ្វើការដាក់ពាក្យជាផ្លូវការទៅកាន់ AFC ។ លោក Zainudin «ខ្ញុំបានរាយការណ៍ទៅប្រធានាធិបតីឥណ្ឌូនេស៊ី ភ្លាមដើម្បីសុំការណែនាំ គាត់ក៏បានឯកភាព និងគាំទ្រឲ្យយើងអនុវត្ត»។ លោកក៏បានបន្ថែមថា« ថ្ងៃនេះ (ម្សិលមិញ) ពួកគេនឹងទៅ AFC ។ ក្រោយមកពួកគេនឹងបង្ហាញលិខិតផ្លូវការពី PSSI ដើម្បីធ្វើជាម្ចាស់ផ្ទះ។ នេះជាឱកាសដ៏ល្អមួយ យើងជាអ្នកចូលរួមក៏ជាបេក្ខភាពម្ចាស់ផ្ទះ»។ រីឯកអគ្គលេខាធិការ AFC លោក Datuk Seri Windsor Paul John កាលពីសប្តាហ៍មុនបានបង្ហើបថា «ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣ នឹងត្រូវប្រកាសជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ ។ លទ្ធផលត្រូវបានគេរំពឹងថានឹងដឹងនៅថ្ងៃទី១៧ ខែតុលា។ ចំពោះការបោះឆ្នោតមិនទាន់មានកាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែជាធម្មតាវានឹងធ្វើឡើងប្រាំឬប្រាំមួយខែមុនពេលការប្រកួត»

សម្រាប់ក្រុមឥណ្ឌូណេស៊ី នេះគឺជាការបង្ហាញខ្លួនលើកទីប្រាំក្នុងព្រឹត្តិការណ៍ Asian Cup បន្ទាប់ពីការប្រកួតឆ្នាំ ១៩៩៦, ២០០០, ២០០៤, និង ២០០៧។ ថ្ងៃផុតកំណត់ក្នុងការដាក់ពាក្យជាផ្លូវការដើម្បីធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣ គួរតែនៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែ AFC បានប្រកាសថាវាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែកក្កដា ដើម្បីអនុញ្ញាតឱ្យពួកគេពិនិត្យមើលរាល់ពាក្យសុំពីប្រទេសសមាជិក៕

ads
ads