(Khmer) លោក Igor Stimac គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌាបានបដិសេធមិននិយាយបូបាច់ច្រើនអំពីចំណាត់ថ្នាក់ FIFA Ranking ដ៏ខ្ពស់របស់ពួកគេនោះទេ នៅមុនថ្ងៃនៃការប្រកួតជម្រុះ Asian Cup ដោយលោកនិយាយថា ចំណាត់ថ្នាក់នេះមិនមានបញ្ហាអ្វីទេនៅក្នុងបាល់ទាត់នាពេលបច្ចុប្បន្ននេះ។
ដោយសម្លឹងឃើញការប្រកួតជុំផ្ដាច់ព្រ័ត្រ Asian Cup លើកទីពីរជាប់ៗគ្នា និងជាលើកទី៥ជាប់ៗគ្នា ក្រុមដែលមានចំណាត់ថ្នាក់ទី១០៦ក្នុងពិភពលោកឥណ្ឌាត្រូវបានគេចាត់ទុកថាជាក្រុមមានភាគរយខ្ពស់ជាងគេ និងជាក្រុមខ្លាំងជាងគេក្នុងពូល D បើធៀបទៅចំនួនបីក្រុមរវាង កម្ពុជា អាហ្វហ្គានីស្ថាន និងហុងកុង។
Stimac បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ “ខ្ញុំគោរពរាល់គូប្រជែងទាំងអស់។ ខ្ញុំមិនមើលចំណាត់ថ្នាក់ FIFA Ranking ទេ។ កម្ពុជាមិនបានមកទីនេះដើម្បីគ្រាន់តែចូលរួមទទេៗទេ តែពួកគេមកដោយបំណងប្រាថ្នាដូចគ្នាដើម្បីឈ្នះការប្រកួត និងឡើងទៅជុំបន្ទាប់” ។
“នៅពេលដែលប្រទេសឥណ្ឌាធ្លាក់ដល់ចំណាត់ថ្នាក់១៨០ ពួកយើងបានឈ្នះការប្រកួត ហើយមិនចាញ់ពួកគេទេ។ ខ្ញុំក៏នឹងមានការគោរពបន្ថែមទៀតចំពោះគូប្រកួតនីមួយៗ។ ខ្ញុំមិនដែលនិយាយថាយើងអាចឈ្នះជាមួយនរណាម្នាក់ដោយងាយនោះទេ។ នោះជាការមិនគោរព។ យើងត្រូវ ត្រៀមខ្លួន ស្រេកឃ្លាននិងមានការលើកទឹកចិត្តយ៉ាងពេញលេញសម្រាប់ហ្គេមទាំងនេះ។”
លោកបានបន្ថែមថា៖ “នៅលើលោកនេះគ្មានការប្រកួតងាយស្រួលទៀតទេ។ បើមានប្រហែលជានៅ 50 ឆ្នាំមុន។ ពីចំណាត់ថ្នាក់ 100 រហូតដល់ 180-200 វាមានគម្លាតតិចតួចណាស់ និងគុណភាពក៏មិនសូវខុសគ្នាដែរ” ។
លោកបានបន្តថា អ្វីដែលលោកគិតគឺរបៀចំការប្រកួតបែបណាដើម្បីឱ្យកម្ពុជាមានសម្ពាធ។ “ខ្ញុំចង់និយាយថា យើងបានរៀបចំគម្រោងមួយ ប៉ុន្តែយើងមានបំណងដាក់សម្ពាធសម្រាប់នាទីដំបូងនៃការប្រកួត ហើយធ្វើឱ្យកម្ពុជាស្ថិតនៅក្រោមសម្ពាធខ្ពស់”។
“យើងត្រូវតែបង្ហាញថាយើងជាក្រុមដែលល្អជាង ហើយយើងត្រូវតែគ្រប់គ្រងហ្គេម ក៏ដូចជាត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយការវាយបករបស់គូប្រកួត។ ខ្ញុំចង់និយាយថាយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។”
ការឡើងទៅកាន់វគ្គជម្រុះរបស់ឥណ្ឌាគឺពិតជាមិនគួរឱ្យចាប់អារម្មណ៍នោះទេ ខណៈដែលពួកគេបានចាញ់ការប្រកួតមិត្តភាពចំនួន 3 ក្នុងចំណោមការប្រកួតចំនួន 4 របស់ពួកគេ ខណៈដែលការប្រកួតជាមួយ Zambia ត្រូវបានលុបចោល។
ក្នុងចំណោមការចាញ់ទាំងបីនេះ ឥណ្ឌាបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ជាមួយក្រុម បារ៉ែន (1-2) ហើយពីរប្រកួតទៀតបានចាញ់ក្រុម បេឡារុស(0-3) និង ហ្សកដានី (0-2)។
និយាយដល់ការប្រកួតនេះ ឥណ្ឌានឹងត្រូវជួបកម្ពុជានៅវេលាម៉ោង ៨និង៣០នាទីម៉ោងក្នុងប្រទេសឥណ្ឌាត្រូវនឹងម៉ោង១០កន្លះយប់ម៉ោងក្នុងប្រទេសកម្ពុជា៕