(Khmer) ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាពេលនេះកំពុងតែបង្ហាញភាពភ្ញាក់ផ្អើលក្នុងពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 ក្រោយឈរកំពូលតារាងលីគគិតត្រឹមសប្ដាហ៍ទី៥ ដោយរក្សាលទ្ធផលឈ្នះ៤និងស្មើមួយប្រកួត។ ទាក់ទងលទ្ធផលល្អបែបនេះ អតីតកីឡាករជម្រើសជាតិកម្ពុជាកាលពី១០ឆ្នាំមុនបាននិយាយថា មានមូលហេតុជាច្រើនដែលធ្វើឱ្យក្រុមលេងបានល្អ និងទទួលលទ្ធផលបែបនេះ៖
«អរគុណថ្នាក់ដឹកនាំដែលគាត់មិនរើសកីឡាករបរទេសមកចូលរួមក្រុម ។យើងប្រើប្រាស់តែកីឡាករខ្មែរ និងកីឡាករយុវជនដែលមានទេពកោសល្យ បណ្ដុះបណ្ដាលពួកគេឱក្លាយជាកីឡាករអាជីពពេញលេញ ឱ្យពួកគេលេងឱ្យបានច្រើន និងជាប់ជម្រើសជាតិឱ្យបានច្រើនតាមតែអាចធ្វើបាន។ យើងផ្ដោតលើឆន្ទៈឱ្យគាតបានលេងខ្លាំង និងបានច្រើនប្រកួត ហើយសន្សំបទពិសោធន៍លើទីលានឱ្យបានច្រើន”។
ពេលសួរអំពីកីឡាកររូបណាល្អជាងគេក្នុងក្រុមបច្ចុប្បន្ន? លោក ទុំ សារ៉ាយគ្រូបង្គោលក្លិបអគ្គិសនីកម្ពុជាតាមរយៈសារអេឡិចត្រូនិកជាមួយអ្នកយកព័ត៌មាន B8 Sport ថា៖
«ក្នុងនាមជាគ្រូបង្វឹកផ្ទាល់! ខ្ញុំមិនអាចឆ្លើយថាកីឡាករណាលេចធ្លោជាងគេ ឬលេងល្អជាងគេនោះទេ។ និយាយទៅ! ខ្ញុំមិនចង់ថា បង្ហាត់ពួកគាត់ឱ្យមានលក្ខណៈជា Star ឬកីឡាករល្អបំផុត របស់ក្រុមតែម្នាក់ ឬពីរនាក់ទេ» ។
«ខ្ញុំផ្ដោតលើការលេងជាក្រុមឱ្យបានល្អ ហើយពីមួយប្រកួតទៅមួយប្រកួត ខ្ញុំបានដាក់ឱ្យពួកគេលេងចល័តគ្រប់ប្រកួត និងគ្រប់ៗគ្នា។ អ្នកខ្លះលេងនាទីប៉ុណ្ណេះ អ្នកខ្លះលេងនារីប៉ុណ្ណោះដោយចល័តគ្នារហូត។ អញ្ចឹងរាល់ថ្ងៃនេះ កីឡាករទាំងអស់លេងបានសឹងគ្រប់គ្នា ហើយសមត្ថភាពប្រហាក់ប្រហែលគ្នា ពេលអ្នកអវត្តមាន អ្នកនោះអាចជំនួសបានដោយស្មើភាពគ្នា។ បែបនេះហើយបានធ្វើឱ្យពួកគេគាត់សប្បាយចិត្តក្នុងការលេង ឆន្ទៈរបស់ពួកគាត់ប្រឹងប្រែងខ្លាំង ក្នុងការហ្វឹកហាត់រួមគ្នា លេងជាមួយគ្នារាល់ថ្ងៃ។ អញ្ចឹង! ពួកគាត់មិនដែលគិតថា គាត់មិនបានលេងក្នុងការប្រកួតនេះ ក្នុងការប្រកួតនោះទេ។ យើងតែងតែត្រៀមរួចជាស្រេច ហើយរដូវកាលនេះយើងពានពានច្រើនត្រូវប្រកួតប្រជែង ហើយយើងបានព្យាយាមឱ្យពួកគាត់បានលេងទាំងអស់គ្នា។ អ្នកខ្លះលេងសម្រាប់ពានលីគ អ្នកខ្លះពានខាប់»។
លោកបានបន្តថាកីឡាកររបស់លោកមាន៦នាក់ត្រូវបានគេរើសយកទៅចូលរួមជម្រើសជាតិប៉ុន្តែខ្ញុំមិនដឹងថានរណានោះទេ ហើយក៏មិនទាន់ដឹងថាក្នុងនចំណោមអ្នកទាំងនោះ ខាងគ្រូជម្រើសជាតិរើសយកនរណាដែរ៕