(Khmer) «ខ្ញុំគិតថា វាមិនមែនសម្រាប់តែព្រឹត្តិការណ៍នេះទេ អ្វីដែលយើងបានលេងយូរមកហើយ គឺតែងតែដើម្បីឈ្នះ។ យើងចង់ទទួលបានលទ្ធផលដ៏ល្អ។ ប៉ុន្តែជាអកុសលយើងមិនអាចឈ្នះការប្រកួតមួយចំនួន ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ៗ» នេះគឺជាការឆ្លើយតបរបស់លោក Honda ពេលអ្នកសារព័ត៌មានសួរអំពីការលេងយកតែបទពិសោធន៍។
ជម្រើសជាតិកម្ពុជា តែងតែត្រូវបានអ្នកគាំទ្រលើកឡើងនៅមួយរយៈចុងក្រោយនេះ ជុំវិញការចេញទៅប្រកួតនានា ដើម្បីប្រមូលបទពិសោធន៍ដល់កីឡាករ ជាពិសេសកីឡាករក្មេងៗ ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣ ខណៈមានសំណួរចោទសួរថា តើប្រកួតនេះនឹងនៅតែបន្តប្រើប្រាស់ជាបទពិសោធ៍ ឬយ៉ាងណា? អ្នកចាត់ការទូទៅវ័យ ៣៥ឆ្នាំរូបនេះ បានឆ្លើយតបថា៖
« នៅពេលយើងប្រកួតខ្ញុំតែងតែចង់ឈ្នះ។ ប៉ុន្តែដូចដែលអ្នកបានដឹង យើងក៏ត្រូវផ្ដល់បទពិសោធន៍ដល់កីឡាករក្មេងៗ ដើម្បីអនាគតកម្ពុជា។ ដូច្នេះ ខ្ញុំត្រូវដាក់គោលដៅ។ ខ្ញុំតែងតែចង់ឈ្នះការប្រកួត ហើយយើងក៏ត្រូវតែគិតអំពីអនាគតបាល់ទាត់កម្ពុជា។ ជាមួយគ្នាផងដែរ វាមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែយើងត្រូវតែធ្វើ ហើយយើងធ្វើរឿងទាំងនេះដូចអ្វីដែលយើងជឿជាក់។ ថ្ងៃស្អែកក៏ដូចគ្នា យើងត្រូវការឈ្នះ ក៏ដូចជាសម្រាប់ការប្រកួតនៅឥណ្ឌា ពិតណាស់យើងនឹងព្យាយាមដើម្បីពាន AFC Asian Cup»។
ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នឹងប្រព្រឹត្តទៅនាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយការប្រកួតនេះនឹងជាការត្រៀម ការមើលជើងកីឡាករដើម្បីត្រៀមសម្រាប់ការប្រកួត AFC Asian Cup 2023 នៅប្រទេសឥណ្ឌា។ កម្ពុជាស្ថិតក្នុងពូល D ជាមួយម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន៕
រូបថត៖ CAMBODIA 2023