(Khmer) គ្រូបង្វឹក U23 ថៃ លោក Mano Polking មានចំណែកនិងបង្ហាញមតិគួរឱ្យកត់សម្គាល់ បន្ទាប់ពីយកឈ្នះ U23 កម្ពុជា ដោយពិន្ទុ៥ទល់០កាលពីម្សិលមិញ។
មុនចូលដល់យុទ្ធនាការស៊ីហ្គេមលើកទី៣១ U23 ថៃត្រូវបានចាត់ទុកជាបេក្ខភាពនាំមុខគេសម្រាប់ជើងឯក ជាពិសេសនៅពេលដែលគ្រូបង្វឹក Mano Polking ត្រូវបានផ្ទេរទៅដឹកនាំ។ យ៉ាងណាក៏ដោយ ដំរីសឹក មិនទាន់មានការចាប់ផ្តើមល្អទេ នៅពេលដែល U23 ម៉ាឡេស៊ី យកឈ្នះដោយពិន្ទុ ១-២ ក្នុងការប្រកួតបើកឆាក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម U23 ថៃ បានបង្ហាញពីភាពក្លាហាន និងភាពមុតស្រួចរបស់ខ្លួន នៅពេលយកឈ្នះ U23 សិង្ហបុរី ដោយពិន្ទុ ៥-0 ក្នុងការប្រកួតបន្ទាប់។ ការប្រកួតចុងក្រោយនេះ ទ័ពរបស់គ្រូបង្វឹក Mano Polking បានបន្តយកឈ្នះក្រុម U23 កម្ពុជា ៥-០ យ៉ាងងាយ រហូតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចែករំលែកបន្ទាប់ពីជ័យជម្នះដ៏អង់អាចនេះ អ្នកយុទ្ធសាស្ត្រជម្រើសជាតិថៃតែសញ្ជាតិអាឡឺម៉ង់កាត់ប្រេស៊ីលបាននិយាយថា៖ «ថៃ U23 មិនខ្លាចក្រុមណាមួយឡើយ រួមទាំង U23 វៀតណាម ពួកគេលេងបានល្អ ប៉ុន្តែ U23 ឥណ្ឌូនេស៊ីក៏មិនសាមញ្ញដែរ»។
«ប្រសិនបើយើងអាចគេចពីវៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះជាការល្អសម្រាប់យើង។ យ៉ាងណាក៏ដោយ បើត្រូវជួបគេ U23 ថៃ មិនខ្លាចទេ។ ប្រសិនបើយើងចង់ឈ្នះមេដាយមាស យើងត្រូវតែផ្តួលគូប្រកួតគ្រប់ទាំងអស់»។
អតីតគ្រូបង្វឹកក្លិប Ho Chi Minh City FC រូបនេះបានអត្ថាធិប្បាយអំពីការយកឈ្នះក្រុម U23 កម្ពុជា ៥-០ថា៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាមួយនឹងលទ្ធផលនេះ។ ដូច U23 វៀតណាម យើងស្ទើរតែប្រាកដក្នុងចិត្តថាបានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករត្រូវកែលម្អច្រើន ដើម្បីអាចយកឈ្នះបានមេដាយមាស»។
ក្នុងការប្រកួតចុងក្រោយ ក្រុមដែលទទួលបានជោគជ័យបំផុតក្នុងស៊ីហ្គេម នឹងត្រូវប៉ះ U23 ឡាវ។ នេះចាត់ទុកថាជាការប្រកួតដ៏ងាយស្រួលមួយសម្រាប់ក្រុម U23 ថៃ ហើយនឹងក្លាយជាឱកាសសម្រាប់គ្រូបង្វឹក Mano Polking ដើម្បីសាកល្បង និងកែលម្អមុនពេលឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រសិនបើមិនមានការភ្ញាក់ផ្អើលអ្វីធំដុំទេនោះ ទំនងជា U23 ថៃ នឹងប៉ះ U23 វៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់បុរស SEA Games 31។