(Khmer) កាលពីថ្មីៗនេះ ហាងលក់សំលៀកបំពាក់កីឡា Heng Nas Sport បានប្រកាសពីការចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីក្លាយជាដៃគូឧបត្ថម្ភជាមួយក្លិបបាល់ទាត់ ខេត្តបន្ទាយមានជ័យ ដែលជាក្រុមមួយ ក្នុងក្របខណ្ឌលីគទី២ (Cambodian League2)។
ជុំវិញការប្រកាសនៃកិច្ចព្រមព្រៀងរវាងភាគីទាំង២ ខាងលើនេះ ក្រុមការងារ b8-sport.com ក៏បានសាកសួរតាមរយៈសារអេឡិចត្រូនិចទៅកាន់លោក ឈឿម ហេង ដែលជាស្ថាបនិកហាង Heng Nas Sport អំពីចំណាប់អារម្មណ៍របស់លោកផងដែរ។
លោក ឈឿម ហេង បានមានប្រសាសន៍ថា៖ «យើងពេញចិត្ត យើងរីករាយនឹងក្លាយជាដៃគូឧបត្ថម្ភសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួន សម្រាប់ក្រុមកីឡាករ ក្រុមគ្រូបង្វឹករបស់ក្លិបបាល់ទាត់ ខេត្តបន្ទាយមានជ័យ ដោយឡែកសម្រាប់សុពលភាពនៃកិច្ចព្រមព្រៀង គឺមានដល់ឆ្នាំ២០២៤ ឯណោះ គឺយើងផ្គត់ផ្គង់ពួកគាត់ ក្នុងការប្រកួតនៃពានរង្វាន់ក្របខណ្ឌលីគទី២ (Cambodian League2)។
ម្ចាស់ហាង ដែលមានដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះ ក៏បានបញ្ជាក់ពីគោលបំណងយ៉ាងមុតមាំរបស់ខ្លួន ក្រោយពេលសម្រេចសហការជាមួយក្លិបបាល់ទាត់ ខេត្តបន្ទាយមានជ័យ
«រូបខ្ញុំផ្ទាល់ គឺជាអ្នកមានដើមកំណើត នៅខេត្តបន្ទាយមានជ័យនេះផ្ទាល់តែម្តង ដូច្នេះគឺគ្រប់យ៉ាងកើតឡើងដោយសារទឹកចិត្តស្រឡាញ់ ហើយយើងទទួលស្គាល់ការចំណាយក្នុង១ឆ្នាំៗ គឺចំណាយច្រើនដោយសារតែចង់អភិវឌ្ឍន៍ធនធានមនុស្សក្នុងខេត្តតាមវិស័យកីឡាបាល់ទាត់ ហើយចង់ឲ្យមជ្ឈដ្ឋានខាងក្រៅ គេមើលមកស្គាល់ថាវិស័យកីឡាបាល់ទាត់ក្នុងខេត្តមួយនេះ រីកចម្រើនបានដល់កម្រិតណា»
ជាចុងក្រោយ លោក ឈឿម ហេង ក៏បានបន្ថែមថា៖ «ខ្ញុំសូមសំណូមពរ ទៅកាន់ម្ចាស់អាជីវកម្មផ្សេងៗ ទាំងក្នុងខេត្ត និងក្រៅខេត្តងាកមកជួយវិស័យកីឡាមួយនេះ តាមរយៈរូបផ្សេងៗ ទោះជាតិចក្តី ច្រើនក្តី គឺក្នុងគោលបំណាងអភិវឌ្ឍន៍វិស័យមួយនេះ ឲ្យរីកចម្រើនកាន់តែទៅមុខទៀត»
ហាងលក់សំលៀកបំពាក់កីឡា Heng Nas Sport ( https://www.facebook.com/Hengnassport ) គឺជាហាងមួយ ដែលត្រូវបានមហាជនទទួលស្គាល់ជាច្រើន ពីកម្រិតគុណភាពនៃការផលិតនាពេលកន្លងមក ហើយហាងមួយនេះ ចាប់ផ្តើមដំណើរការអស់រយៈពេល ៩ឆ្នាំមកហើយគិតត្រឹមពេលបច្ចុប្បន្ន។