ads
ads
(Khmer) ឯកឧត្តម ហ៊ុន ម៉ានីចូលរួមប្រកួតមិត្តភាពជាមួយក្លិបបាល់ទាត់ណាហ្គវើលដ៏ និងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកីឡដ្ឋានខេត្តកំពង់ស្ពឺ
25-August-2022

(Khmer) នៅថ្ងៃទី២៥ខែខែសីហាឆ្នាំ២០២២​នេះ ឯកឧត្តម ហ៊ុន ម៉ានី និងមានការចូលរួមពីឯកឧត្តមអភិបាលខេត្តផងដែរ បានចូលរួមប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមកីឡាករក្លិបណាហ្គាវើលអេហ្វស៊ី នៅលើទីលានបាលទាត់នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ។

កីឡដ្ឋានទើបសាងសង់ថ្មីមួយនេះ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងទំព័រហ្វេសបុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី លោក​បាន​បាន​សរសេរថា៖ «​ថ្ងៃនេះ ខ្ញុំ និងក្រុមការងារ ដោយមានការចូលរួមពីឯកឧត្តមអភិបាលខេត្តផងដែរ បានចូលរួមប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមកីឡាករក្លិបណាហ្គាវើល អេហ្វស៊ី នៅលើទីលានបាលទាត់នៃកីឡដ្ឋានខេត្តកំពង់ស្ពឺដែលគ្រោងនឹងដាក់សម្ពោធ​ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះ។ សមិទ្ធផលថ្មីនេះនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តយើងផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត»។

កីឡដ្ឋានខេត្តកំពង់ស្ពឺមានតម្លៃ ២លានដុល្លារ សម្រេចការសាងសង់៩០% ហើយ បើគិតត្រឹមខែសីហា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់ និង​សំណងបន្ទាប់បន្សំផ្សេងទៀត។​ កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣។

សាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២ នេះ៕

 

ads
ads