(Khmer) ក្រុមហ៊ុន ហ្វូស៊ីន (Fuxin) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ រៀបចំ រចនា និងសាងសង់ រួមទាំងការធ្វើផែនការមេនៃកីឡាដ្ឋាន កន្លែងអង្គុយទស្សនា បន្ទប់បរិក្ខារ និងការសម្របសម្រួលគម្រោងជាមួយនឹងការសាងសង់ទីលានស្មៅធម្មជាតិ ។
ការគ្រប់គ្រងគម្រោងដោយតាមដានយ៉ាងស្អិតរមួតរបស់ក្រុមហ៊ុន បានធ្វើឱ្យការបញ្ចប់នៃកីឡាដ្ឋាន AIA Stadium, KMH Park ក្នុងរយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យក្រុម អាយ អេស អាយ ដង្កោសែនជ័យ បើកទ្វារកីឡាដ្ឋានដើម្បីស្វាគមន៍ការប្រកួតក្នុងផ្ទះសំខាន់ៗចំនួន ៥ប្រកួតចុងក្រោយ នៃការប្រកួតលីគទី២។ គួរបញ្ជាក់ផងដែរថា រាល់ការរចនា នូវគ្រឿងបង្គុំ និង សម្ភារះសំខាន់ៗនៅក្នុងកីឡាដ្ឋាន សុទ្ធសឹងតែបានគិតគូរទុកជាមុន និងរិះរកនូវវិធី ដែលពន្លឿន និងសន្សំសំចៃបំផុត ពីក្រុមហ៊ុន ដែលនេះជាចំនុចពិសេសមួយ ដែលគ្រប់ម្ចាស់គម្រោងទាំងអស់តែងតែចង់បាន ។
ក្រុមហ៊ុន ហ្វូស៊ីន (Fuxin) ជាក្រុមហ៊ុនផលិតអគារដែកក្នុងស្រុកឈានមុខគេមួយ ដែលបានបង្កើតឡើងនៅឆ្នាំ ២០១១ ដោយផ្ដោតសំខាន់ទៅលើ គុណភាពល្អ និងសេវាកម្មលឿន ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការប្រឹក្សាគម្រោង ការគណនា ផលិតកម្ម និង ការដំឡើង ក្នុងប្រទេសកម្ពុជា ។ ផលិតផលសម្រេចសំខាន់ៗរបស់ក្រុមហ៊ុនមានដូចជា ប្រភេទអគារ និង រោងចក្រ ដែលបានផលិតរួចពីរោងចក្រផ្ទាល់ខ្លួនរួចផ្គុំបន្ថែមនូវការដ្ឋាន។ ក្រុមហ៊ុនមានរោងចក្រផ្ទាល់ខ្លួន ២កន្លែង ដែលបានផ្ដល់ភាពងាយស្រួលក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីផ្សារជាមួយនឹងផលិតកម្មក្នុងមួយខែៗអាចបានដល់ ២០០០តោនឯណោះ ។
កន្លងមកក្រុមហ៊ុន ហ្វូស៊ីន (Fuxin) បានចូលរួមចំណែកយ៉ាងច្រើនចំពោះការសាង់សង់គម្រោងធំៗគួរឱ្យកត់សម្គាល់ដូចជា រោងចក្រស្រាបៀរហនុមាន រោងចក្រកែច្នៃដុំរ៉ូឡួដែក-ស ISI ផ្សារទំនើបជីបម៉ុង២៧១ អគារតាំងពិពណ៍អន្តរជាតិOCIC និង ផ្សារទំនើបAoen 3 ផងដែរ ។