(Khmer) ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាល៥ទល់៥ វ័យក្រោម ១៣ឆ្នាំ ១៥ឆ្នាំ ១៧ឆ្នាំ និងហ្វូតសាលឈុតនារីនឹងលេចរូបរាងនៅខេត្តបាត់ដំបងក្នុងពេលឆាប់ៗនេះហើយ។
លោក ផៃ បរិញ្ញា ដែលជាអ្នកផ្ដួចផ្ដើមគំរោងនៃព្រឹត្តិការណ៍នេះបាននិយាយថាមូលហេតុនៃការបង្កើតពានរង្វាន់បាល់ទាត់ហ្វូតសាល៥ទល់៥ វ័យក្រោម ១៣ឆ្នាំ ១៥ឆ្នាំ ១៧ឆ្នាំ និងហ្វូតសាលឈុតនារីនេះដោយសារស្រឡាញ់ និងចង់ឱ្យខេត្តបាត់ដំបងមានធនធានកីឡាករល្អដូចនៅភ្នំពេញ។
លោកបាននិយាយបែបនេះ៖«អាចថាវាជាអារម្មណ៍ស្រឡាញ់ក៏ថាបានបង ដោយសារតែខ្ញុំឃើញក្មេងៗនៅទីនោះគាត់ស្រឡាញ់ការលេងកីឡា ជាពិសេសបាល់ទាត់នឹងតែម្ដង»។
«ជាក់ស្ដែងទៅខេត្ដបាត់ដំបង មិនមែនជាស្រុកកំណើតរបស់ខ្ញុំទេ ហើយខ្ញុំសម្រេចជ្រើសរើសខេត្ដបាត់ដំបងក៏ដោយសារតែខ្ញុំចង់ឃើញយុវជនក្មេងៗតាមបណ្ដាខេត្ដគាត់មានការប្រកួតប្រជែងជាលក្ខណៈស្ដង់ដាមួយដូចនៅភ្នំពេញ និងមានឱកាសបានបង្ហាញសមត្ថភាពនៅលើទីលាន»។
លោកបានបន្តថា កាលបរិច្ឆេទចាប់ផ្ដើមអត់ទាន់ប្រាកដថ្ងៃទេ ដោយសារកត្ដាដៃគូរឧបត្ថម្ភ។
«ឥឡូវនេះមិនទាន់មានអ្នកចូលរួមទេបង ប៉ុន្ដែខ្ញុំកំពុងធ្វើការស្នើសុំទៅក្រុមហ៊ុនមួយចំនួនដែរ។ ទាក់ទងទៅនឹងម្ចាស់ឧបត្ថម្ភសុំលាក់សិនបង ព្រោះអត់ទាន់ដឹងថាគាត់បានចូលរួមជាមួយខ្ញុំរឺក៏អត់ទេបង ព្រោះឥឡូវនេះការស្នើសុំខ្ញុំបានរៀបចំរួចរាល់អស់ហើយបង ចាំតែគាត់ Okay តែប៉ុណ្ណឹងបង»។
«សំណូមពរសម្រាប់ខ្ញុំសង្ឃឹមថាមានក្រុមហ៊ុនមួយចំនួន គាត់ងាកមកជួយអភិវឌ្ឍន៍យុវជនតាមបណ្ដាខេត្ដ ជាពិសេសក្មេងៗតាមបណ្ដាខេត្ដគាត់ក៏ចង់មានឱកាសលេងពានដែលផ្លូវការដូចភ្នំពេញដែរ ហើយសម្រាប់ពានរបស់ខ្ញុំនៅតែត្រូវការអ្នកឧបត្ថម្ភជានិច្ច ដើម្បីឱ្យពានរង្វាន់មួយនេះបានដំណើរការទៅដោយរលូន ហើយយើងនឹងមានកម្មវិធីប្រកួតពានបែបនេះរាល់ឆ្នាំ សម្រាប់តាមបណ្ដាខេត្ដប្រសិនបើមានក្រុមហ៊ុនគាត់ជួយឧបត្ថម្ភ»៕