(Khmer) «ផ្លយ»ជាឈ្មោះក្មេងប្រុសម្នាក់ ដែលក្នុងមជ្ឈដ្ឋានបាល់ទាត់កម្ពុជា ពិសេសអ្នកដែលចូលទៅកាន់ស្ដាតចាស់កាលពី៥ ឬ ៦ឆ្នាំមុនពិតជាស្គាល់ច្បាស់ដែលកាលនោះ ក្មេងប្រុសសម្បុរខ្មៅ មាឌល្អិតម្នាក់នេះ ជាក្មេងរើសបាល់ និងរៀបឥវ៉ាន់ហ្វឹកហាត់ បានឆ្លងកាត់ការតស៊ូ ប្រឹងប្រែង ដំណាក់កាលបោះបង់ចោល និងការចាប់ផ្ដើមសារឡើងវិញ ម្ដងហើយម្ដងទៀត រហូតក្លាយទៅជាកីឡាករអាជីពនៅក្លិបបាល់ទាត់នគរបាលជាតិ។
ទោះបីត្រឹមមានឈ្មោះក្នុងបញ្ជីកោះហៅដំបូងក្នុងឈុត U23 កម្ពុជាសម្រាប់ការធ្វើតេស្ដកាយសម្បទា ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ទល់និងក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ អេម ផលនិត ឬ ផ្លយ បានបង្ហាញវាជាចំណុចចាប់ផ្ដើមនៃអាជីពបាល់ទាត់ដ៏លំបាកមួយផុតលេខ ព្រោះអីរូបគេមិនដែលរំពឹងសោះថា មានឈ្មោះរបស់ខ្លួនក្នុងបញ្ជីជម្រើសជាតិ។ ពេលនេះ ផ្លយបានធ្វើការឆ្លើយឆ្លងជាមួយអ្នកយកព័ត៏មាន B8 Sport និងគាស់រំលើងប្រវត្តិតស៊ូរបស់ខ្លួនក្នុងវិថីនៃអាជីពបាល់ទាត់។
«ខ្ញុំស្រឡាញ់បាល់ទាត់តាំងពីក្មេង។ ថ្ងៃមួយខ្ញុំបានតាមមិត្តភ័ត្រម្នាក់ទៅស្ដាត់ចាស់មើលគេហ្វឹកហាត់ និងមើលការប្រកួត មិនដែលខាន។ ខ្ញុំបានស្គាល់គេ ស្គាល់ឯងនៅទីនោះ សុំគេរើសបាល់ ពេលគេហ្វឹកហាត់ រហូតមកខ្ញុំបានរើសបាល់ពេលក្លិបគេប្រកួតផ្លូវការ។ ពេលគេហ្វឹកហាត់ខ្ញុំបានទៅជួយជញ្ជូនសម្ភារៈហ្វឹកហាត់ ជញ្ជូនបាល់ ហើយអង្គុយមើលគេលេងភ្លេចបាយ ភ្លេចទឹក»។
«ក្រោយមកទៀត ក្លិបក្រសួងការពារជាតិកាលនោះបានរើសយុវជនថ្នាល U15 U18 ហើយខ្ញុំក៏សុំគេចូលហ្វឹកហាត់ទៅ និងលេងនៅទីនោះ។ ពេលនោះខ្ញុំបានចូលលេងពានលីគ U15 និង U18ដែរ ហើយពេលចប់ក្លិបបានរំសាយឈុត U នេះ ខ្ញុំក៏ចាកចេញ។ ខ្ញុំបានសម្រាកពីបាល់ទាត់មួយរយៈធំ ហើយបន្ទាប់មកទៀតខ្ញុំក៏បានចូលរួមឈុត U18 បឹងកេតដែលកាលនោះ ក្លិបបង្កើតឈុតU18 លេងពាន KMH។ ខ្ញុំបានទៅធ្វើតេស្តិ៍ជាប់ ហើយលេងបាន១រដូវកាល»។
វាជាពេលវេលាដ៏ពិបាកបំផុតសម្រាប់ ផ្លយ ដែលត្រូវចាកចេញពីក្ដីស្រមៃ ទៅទទួលកាតព្វកិច្ចមើលថែរជីដូនឈឺអស់រយៈពេលជាង២ឆ្នាំ។
«ពេលនេះជាពេលវេលាដ៏ពិបាកសម្រាប់ខ្ញុំ ដែលត្រូវចាកចេញពីបាល់ទាត់ជាថ្មីម្ដងទៀត ក៏ព្រោះកតព្វកិច្ចគ្រួសារគឺខ្ញុំបានចាកចេញពីបាល់ទាត់ទៅមើលថែរយាយខ្ញុំឈឺនៅស្រុក ព្រោះគ្មាននរណាជួយមើលថែរនោះទេ។ គាត់កើតជំងឺស្លាប់មួយចំហៀងខ្លួនដើរមិនរួច ហើយវាជាជំងឺពិបាកពិបាកព្យាបាលបំផុត។ ខ្ញុំត្រូវថែរក្សាយាយរហូតដល់រយៈពេល២ឆ្នាំក្រោយមកគាត់បានទទួលមរណៈភាព។ វាពិតជាស្ដាយពេលវេលាណាស់បង ដែលបែកពីបាល់ទាត់ដល់ទៅ២ឆ្នាំ តែអ្នកមានគុណខ្ញុំមិនអាចទុកគាត់ចោលទេ»។
«ខ្ញុំត្រឡប់មកភ្នំពេញវិញ តែការត្រឡប់មកលើកនេះមិនគិតថានឹងមកប្រកបអាជីពលេងបាល់ទាត់វិញនោះទេ។ ខ្ញុំឡើងមកម្ដងនេះ គឺមករកការងារធ្វើហើយគិតថាឈប់លេងបាល់បាត់ទៅហើយ។ ប៉ុន្តែពេលឃើញគេលេងបាល់ ចិត្តតែងតែនឹកឃើញពេលវេលាកាលនៅតូច ។ ខ្ញុំតែងគិតថាពីក្មេងខិតខំណាស់ សុំគេហាត់ផង លេងផង ដើម្បីបាននៅជាមួយបាល់គេប្រើឱ្យយកអីក៏ព្រមដែរ តែពេលនេះហេតុអ្វីត្រូវបោះបង់ចោលសមត្ថផាពខ្លួនឯងចោល? ហើយក្រោយមកក៏ឈ្លាតទៅហ្វឹកហាត់បាល់សារជាថ្មី ហើយសុំក្លិបនគរបាលជាតិធ្វើតេស្តិ៍សមត្ថភាព ចំពេលក្លិបរើសកីឡាករថ្មី។ ធ្វើការផង ហាត់បាល់ផង ទៅហ្វឹកហាត់បាល់ ខ្ញុំសុំទៅជាមួយមិត្តភ័ត្ត្រ ដោយសារគ្មានយាន្តជំនិះទេ ខ្ញុំព្យាយាមហ្វឹកហាត់រហូតជាង៥ខែ ទើបមានឈ្មោះក្នុងក្លិបតែម្ដង»។
អេម ផលនិត ត្រូវបានកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ តែយ៉ាងណា! រូបគេថាមិនដែលគិតអំពីការជាប់ក្រុមជម្រើសជាតិអីនោះទេ។
«ខ្ញុំមិនហ៊ានគិតសូម្បីតែបន្តិចរឿងជាប់ជម្រើសជាតិនេះ។ គោលបំណងរបស់ខ្ញុំគឺដណ្ដើមតំណែង១១នាក់នៅក្នុងក្រុមឈុតធំ ហើយលេងបាល់ទាត់អាជីព ដើម្បីទទួលបានកម្រៃខ្លះសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។ ការមានឈ្មោះក្នុងបញ្ជីដំបូងនេះ វាភ្ញាក់ផ្អើល និងរំភើបដែរសម្រាប់ខ្ញុំ ព្រោះខ្ញុំមិនដែគិតសូម្បីតែម្ដង ទោះបីតែវាគ្រាន់តែជាមានឈ្មោះក្នុងបញ្ជីបឋមនៅឡើយ។ ខ្ញុំគិតត្រឹមជាកីឡាករនៅកម្រិតក្លិប និងអាជីពក្នុងក្លិបប៉ុណ្ណោះ ហើយខ្ញុំមើលដឹង កាយសម្បទា និងសមត្ថភាពខ្លួនឯង។»
សម្រាប់កម្រឹតក្លិបវិញ ផ្លយ តែងតែបង្ហាញខ្លួនទៀងទាត់ក្នុងជម្រើស១១នាក់ដំបូង និងជាកីឡាករបម្រុង។ ខ្សែបម្រើការពារវ័យក្មេងរូបនេះតែងតែមានវត្តមានក្នុងការប្រកួតសឹងគ្រប់ប្រកួតទៅហើយក្នុង Cambodian League 2 និងពានរង្វាន់សម្ដេចហ៊ន សែននាពេលកន្លងមក។
«ខ្ញុំលេងបម្រើការពារ ហើយពេលខ្លះខ្ញុំលេងក្នុងតំណែងបម្រើប្រយុទ្ធតាមគ្រូចាត់តាំង។សម្រាប់គ្រាប់បាល់វិញ ខ្ញុំរកបាន១គ្រាប់និងបញ្ចូនបាល់បានច្រើនលើកដែរ តែមិនចាំចំនួនទេបង។ តំណែងបម្រើការពារនេះ មិនរំពឹងរកគ្រាប់បាល់ទេបង តែសុំលេងឱ្យបានល្អក្នុងតំណែងរបស់ខ្លួនតែប៉ុណ្ណោះ។ ទៅអនាគត! ខ្ញុំចង់ស្វែងយល់ពីបាល់ទាត់ឱ្យបានច្រើនជាងនេះទៀត ហើយគោលបំណងធំបំផុតចង់លេងក្នុងឆាកអន្តរជាត»។