ads
ads
(Khmer) «មកដឹងពីមូលហេតុ កីឡាករឆ្នើម ឡុង ភារ៉ាត់ គ្មាន​ឈ្មោះ​លេង​ក្នុង​ជំនួប​ជាមួយឥណ្ឌាយប់​មិញ»
09-June-2022

(Khmer) ក្រុមជម្រើស​ជាតិ​កម្ពុជាទើប​តែ​រងបរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះឥណ្ឌា២ទល់០​ក្នុងការ​ប្រកួតបើក​ឆាក​ពូល D ពាន​រង្វាន់ AFC Asian Cup 2023 វគ្គ​ជម្រុះជុំ​ទី​បី​នៅ​កីឡដ្ឋាន Salt Lake ក្នុងទីក្រុងកុលកាតា​។

មុន​ការ​ប្រកួត​នេះ​កើត​ឡើង មាន​បញ្ហា​មួយចំនួន​បាន​កើត​ឡើង ទាំង​ការធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន រឿង​ទង់​ជាតិ​ខុស និង​រឿង​ភ្លេង​ជាតិ​កម្ពុជាមិន​អាច​ដំណើរការតាម​គ្រោង​ទុកជាដើម។ រឿងមួយ​ដែល​យើង​គួរចាប់អារម្មណ៍​គឺ​គ្មាន​វត្តមាន​របស់​កីឡាករ ឡុង ភារ៉ាត់​ ក្នុងបញ្ជី​១១​នាក់ដំបូង និង​បញ្ជីកីឡាករបម្រុង​នោះ​ទេ។ មូលហេតុ​ដែលរូប​គេ​គ្មានវត្តមានក្នុងបញ្ជី​គឺ​បញ្ហាសុខភាព​បណ្ដាល​មក​ពី​ការ​ជិះឡានក្រុង។ នេះបើតាមក្រុមការងារ B8-Sport ទទួលបានព័ត៌មានពីប្រទេស​ឥណ្ឌា។

ពេល​ធ្វើ​ដំណើពី​សណ្ឋាគារ​ទៅកាន់​កីឡដ្ឋានប្រកួត ​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទាំងអស់បាន​ជិះឡានក្រុង​ដែលខាងសហព័ន្ធកីឡាបាល់​ទាត់​ឥណ្ឌារៀប​ចំដើម្បី​ធ្វើដំណើទៅ​កាន់​កន្លែង​ប្រកួត។ កំឡុង​ពេល​ជិះឡាន​ក្រុង​នោះ​ក្រុមកីឡាករកម្ពុជាទាំងអស់ ទទួលបានផលរំខានដោយ​សារ​អ្នក​បើក​បរឡាន​ក្រុង​នោះ​ប្រើប្រាស់​ល្បឿន​​ឡានតាម​ផ្លូវមិន​ស្ថេរភាពក្នុងកម្រិតមួយ មិន​ស្រួល​ទាល់​តែ​សោះ។ ក្នុងចំណោម​កីឡាករ​ទាំង​អស់! ឡុង​ ភារ៉ាត់​ដែលដើម​ឡើយ​មាន​ឈ្មោះ​ក្នុងបញ្ជីជម្រើស១១នាក់ដំបូង បាន​កើត​អការៈ វិលមុខ ធីងធោង រកក្អួតចង្អោរ ហើយ​មិន​អាច​លេងបាន​នោះ​ទេ។

មកដល់​ពេល​នេះ សុខភាពរបស់​ខ្សែ​បម្រើ​ក្លិប​ព្រហខ័នរាជស្វាយរៀង​វិល​មក​ប្រក្រតីភាព​វិញ​ហើយ ក្រោយ​សម្រាក​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​រូប​គេ​នឹង​ចូលហ្វឹកហាត់​ជាមួយមិត្តរួម​ក្រុម​ត្រៀម​ប៉ះ​ជាមួយ​ជម្រើស​ជាតិកោះហុងកុង​នៅ​ថ្ងៃ​ទី​១១​ខែមិថុនាឆ្នាំ២០២២៕

ads
ads