(Khmer) ក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) ត្រូវជួបតទល់នឹងក្រុមជម្រើសជាតិបង់ក្លាដេស ជាលើកទី៦ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៧យប់ ពហុកីឡដ្ឋានជាតិអូឡាំពិក។
ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Felix Dalmas ក្រុមកម្ពុជាបានកោះហៅកីឡាករចំនួន៣០នាក់សម្រាប់ការប្រកួតមិត្តភាពក្នុងប្រតិទិន Fifa Day ដោយក្នុងនោះរួមទាំងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ផងដែរ។ ខ្សែប្រយុទ្ធមកពីក្លិបបឹងកេតរូបនេះ មានស្ថិតិរកគ្រាប់បាល់ ១៩គ្រាប់ នៃការបង្ហាញខ្លួន ៤៩ប្រកួត មុនពេលសម្រាកព្យាបាលរបួសជង្គង់អំឡុងដើមឆ្នាំ២០២២។
អ្នកចាំទី រ៉េត លីហេង មកពីក្លិបណាហ្គាវើល គឺជាកីឡាករតែម្នាក់គត់ ដែលមិនធ្លាប់បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) ពីមុនមក។
ជួបកម្ពុជា គឺជាការប្រកួតមិត្តភាពផ្លូវការលើកដំបូង របស់ក្រុមជម្រើសជាតិបង់ក្លាដេស មុនពេលចាប់ផ្តើមការប្រកួតពានរង្វាន់ SAFF Championship ឆ្នាំ 2023 នៅសប្តាហ៍ក្រោយ ដែលពួកគេត្រូវជួបជាមួយលីបង់ ម៉ាល់ឌីវ និងប៊ូតង់។
គ្រូបង្វឹក Javier Cabrera បានកោះហៅកីឡាករចំនួន 23 នាក់សម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខ រួមទាំងប្រធានក្រុម Jamal Bhuyan វ័យ៣៣ឆ្នាំ ដែលជាខ្សែបម្រើបង្ហាញវត្តមានច្រើនជាងគេក្នុងក្រុម (៧០លើក)។
ការជួបគ្នាកន្លង កម្ពុជា vs បង់ក្លាដែស
ប្រវត្តិជួបគ្នា ៥លើកកន្លងមក រវាងក្រុមទាំងពីរ គឺបង់ក្លាដេសឈ្នះ កម្ពុជា 4 ដង និងស្មើម្តង។ កម្ពុជាឈ្នះតែ២លើកគត់ក្នុងចំណោម៩ប្រកួតចុងក្រោយ ។ ចំណែកឯបង់ក្លាដេសឈ្នះបានតែ២លើកប៉ុណ្ណោះក្នុងចំណោម៨ប្រកួតចុងក្រោយ ។
ចំណាត់ថ្នាក់ Fifa Ranking រវាងក្រុមទាំង២ គឺកម្ពុជា នៅចំណាត់ថ្នាក់លេខ១៧៦ ឈរពីលើប្រទេសបង់ក្លាដេស ១៦ចំណាត់ថា្នក់ (១៩២) ប៉ុន្តែកំណត់ត្រាកន្លងមក ក្រុមគោព្រៃកម្ពុជាមិនដែលយកឈ្នះក្រុមខ្លារខិនបង់ក្លាដេសឡើយ