(Khmer) សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានីខេត្ត ពីថ្ងៃទី ០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីគ្រូឧទេ្ទសរបស់ UEFA Assist Program ជាមួយសមាជិក ប្រធាន និងអនុប្រធានមន្ទីពីរាជធានីខេត្តទាំង២៥។
សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានី-ខេត្ត មានប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ច និងរចនាសម្ព័ន្ធសមាគម, ធនធានមុស្ស, ការគ្រប់គ្រងរបស់គ្រប់អ្នកពាក់ព័ន្ធ, ការអភិវឌ្ឍផ្នែកបច្ចេកទេស, ការគ្រប់គ្រងកីឡាករ, ការគ្រប់គ្រងការប្រកួតប្រជែង, ការទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការបង្កើតប្រាក់ចំណូល, ផែនការយុទ្ធសាស្ត្រ និងប្រតបត្តិការ, ការរៀបចំគម្រោងប្រតិបត្តិការដោយសមាគមខេត្ត។
អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវ សារ៉េត បានបញ្ជាក់ពីគោលបំណងរបស់សិក្ខាសាលានេះ ធ្វើឡើងដើម្បីជាការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានមើលឃើញថា កម្ពុជាមានការអភិវឌ្ឍថ្នាលយុវជនគ្រប់ខេត្តរួចទៅហើយ និងជាមួយគ្នា ដែលកន្លងមក UEFA Assist ធ្លាប់បានជួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើផ្នែកសម្ភារ (ជារថយន្ដ) ម្ដងរួចហើយផងដែរ។
«នៅតាមខេត្ត មិនសូវមានសិក្ខាសាលាប្រភេទហ្នឹងទេ។ អ៊ីចឹង ដោយសារគាត់មើលទៅឃើញមាននៅក្នុងគោលបំណងសិក្ខាសាលាមានច្រើន តាំងពីតិកនិក មានការអភិវឌ្ឍកីឡាករ មានរដ្ឋបាល ការគ្រប់គ្រង គឺសំខាន់សម្រាប់ពួកគាត់ណាស់។ អ៊ីចឹង គាត់ទទួលបានហើយ គាត់នឹងចុះត្រឡប់ទៅវិញ នឹងជួយរៀបចំតាមខេត្តនីមួយៗ ឱ្យមានស្ថានភាពរចនាសម្ព័ន្ធ តម្រូវការគ្រប់បែបយ៉ាង ទៅតាមកម្រិតបច្ចេកទេសដែលខាង UEFA គេឲ្យយោបល់»។
«កន្លងមក មានអ្នកខ្លះសារភាពនៅក្នុងសមាគមរបស់ខ្លួនមួយៗ អត់ទាន់មានរចនាសម្ព័ន្ធត្រឹមត្រូវ ដូចខាងប៉ៃលិនគាត់បានលើកឡើងថា អត់មានការបោះឆ្នោតទេ គឺតែងតាំងខ្លួនឯងយកតែម្ដង។ ដូចជាខាងប្រធានការិយាល័យកីឡាជាអគ្គលេខាធិការ ប្រធានមន្ទីរជាប្រធានរបស់សមាគមអ៊ីចឹងទៅ។ ដូច្នេះ បែបនេះគឺអត់ទាន់រត់ទៅតាមស្ថានភាពជាច្បាប់ បើនិយាយពីសមាគមទាល់តែនិយាយពីលក្ខន្តិកៈ ទាល់តែមានការបោះឆ្នោត។ អ៊ីចឹង ទាំងអស់ហ្នឹងដែលគាត់យល់ដឹង គាត់ទៅវិញគាត់ពិគ្រោះគ្នា។ យើងសង្ឃឹមថា បានផលប្រយោជន៍លឿនដែរ ព្រោះអ្នកដែលចូលរួមលើកនេះ បើគិតជាតួលេខ ក្នុង២៥រាជធានី-ខេត្ត ថ្នាក់អនុប្រធានមន្ទីរ មាន១៦ខេត្ត បើធៀបកាលពីមុនគាត់អត់សូវអញ្ជើញមកទេ គាត់ឲ្យតែប្រធានការិយាល័យកីឡាមក អ៊ីចឹងការសម្រេចចិត្តក៏អត់សូវខ្លាំង អ៊ីចឹងបើពួកគាត់គាត់អាចនិយាយជាមួយថ្នាក់ខេត្តបាន»។
ជាការឆ្លើយតបលោករំពឹងថា សិក្ខាកាមនឹងទទួលបានផ្លែផ្កាពីសិក្ខាសាលានេះ ដ្បិតគ្រូឧទ្ទេសមកពីប្រទេសដែលជឿនលឿនលើវិស័យបាល់ទាត់ ជាពិសេសតំណាងរាជធានី-ខេត្តចូលរួម គឺមានឋានៈជាប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្ត ដែលមានភាពងាយស្រួលក្នុងការសម្រេចចិត្ត។ UEFA Assist Program គឺជាការគាំទ្រការអភិវឌ្ឍបាល់ទាត់ក្នុង និងក្រៅទ្វីបអឺរ៉ុប។ ដោយចូលទៅក្នុង UEFA និងចំណេះដឹង និងជំនាញរបស់សមាជិក កម្មវិធីចែករំលែកការអនុវត្តល្អបំផុតជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបទាំង៥ ដែលជាដៃគូរបស់ UEFA។ កម្មវិធីនេះ ជួយអភិវឌ្ឍបាល់ទាត់ និងពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញអន្តរជាតិ និងគម្រោងផ្ទាល់ខ្លួន។ គម្រោងទាំងនោះ មានភាពខុសគ្នា ប៉ុន្តែគម្រោងនីមួយៗ ឆ្លើយតបនឹងតម្រូវការជាក់លាក់ និងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់៕